2024-10-31
ទូច សូរិយា
2024-10-31
ទូច សូរិយា
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តប្រាក់កម្ចីចំនួន ៨០លានដុល្លារ ដើម្បីពង្រឹងការអប់រំកម្រិតមធ្យមសិក្សានៅកម្ពុជា ដោយផ្ដោតលើជំនាញ«សតវត្សទី ២១» រួមមាន៖ ការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត, ការបង្រៀន ដោយបរិយាបន្នសម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី និងការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយមធ្យមសិក្សា។ នេះបើតាមការចុះផ្សាយរបស់ ADB នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។
គម្រោងអប់រំថ្នាក់មធ្យមសិក្សានេះ នឹងបង្កើនចំនួនអគារសិក្សា ដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ដែលរួមមានទាំងថ្នាក់រៀនបន្ថែមចំនួន៤០០ ដើម្បីដោះស្រាយស្ថានភាពចង្អៀតក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំមធ្យមសិក្សាទុតិយភូមិប្រកបដោយគុណភាព។ ជាមួយគ្នានេះ លោកស្រី Jyotsana_Varma នាយិកាធនាគារ ADB មានប្រសាសន៍ថា កម្ពុជា ត្រូវពន្លឿនការផ្លាស់ប្តូរទៅរកសកម្មភាពសេដ្ឋកិច្ចដែលបន្ថែមតម្លៃខ្ពស់ ពិសេសសកម្មភាពដែលជំរុញដោយបច្ចេកវិទ្យា ដើម្បីរក្សាសមត្ថភាពប្រកួតប្រជែងជាសកល និងពង្រឹងវឌ្ឍនភាពសេដ្ឋកិច្ច កម្លាំងពលកម្មប្រកបដោយជំនាញ និងការអប់រំ។
គម្រោងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការអប់រំ ពិសេសគឺសម្រាប់សិស្សានុសិស្សដែលមានពិការភាពក្នុងការសិក្សា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាជំនួយ និងការគាំទ្រដល់សាលាមធ្យមសិក្សាអប់រំពិសេស។ គម្រោងនេះ ក៏នឹងលើកកម្ពស់ការអប់រំលើមុខវិជ្ជាវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា(STEM) ដើម្បីរៀបចំក្រុមកម្លាំងពលកម្មសម្រាប់ពេលអនាគត ដែលមានជំនាញស្របតាមតម្រូវការឧស្សាហកម្ម។ គម្រោងខាងលើនេះ នឹងអភិវឌ្ឍន៍ជំនាញទន់ ដូចជាការទំនាក់ទំនង ការសហការ និងការគិតប្រកបដោយការរិះគន់ និងការគិតស៊ីជម្រៅនិងដោយភាពច្នៃប្រឌិត សម្រាប់សិស្សានុសិស្ស។
ADB បានឱ្យដឹងថា គម្រោងអប់រំថ្នាក់មធ្យមសិក្សានេះ នឹងវិនិយោគលើការកែលម្អការអភិវឌ្ឍវិជ្ជាជីវៈរបស់គ្រូបង្រៀន ដើម្បីជំរុញវិធីសាស្ត្របង្រៀនតាមបែបគម្រោងដែលរួមបញ្ចូលការងារជាក្រុមការដោះស្រាយបញ្ហាជាក់ស្ដែង និងការចូលរួមជាមួយសហគមន៍។ គម្រោងខាងលើក៏នឹងពិនិត្យ និងពង្រឹងការប្រឡងបញ្ចប់ការសិក្សាថ្នាក់ទី១២ ដើម្បីពិនិត្យវាយតម្លៃមើលឱ្យកាន់តែច្បាស់នូវកម្មវិធីសិក្សាដែលធ្វើទំនើបកម្ម ក៏ដូចជាបង្កើតវគ្គសិក្សាបំប៉នពិសេស ក្នុងវិស័យអាទិភាព ដូចជាសេដ្ឋកិច្ចឌីជីថល និងគណិតវិទ្យាអនុវត្ត សំដៅពង្រឹងប្រភពធនធានមនុស្សប្រកបដោយជំនាញ។ ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី បានប្តេជ្ញាថានឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាបន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិកស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី