2024-10-08
គិត បុប្ផា
2024-10-08
គិត បុប្ផា
ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន ២៦គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ២គម្រោង ក្នុងទុនវិនិយោគសរុប ៤៤៣លានដុល្លារ ដែលអាចបង្កើតការងារបានជិត ២៥ពាន់កន្លែង។ CDC បញ្ជាក់ថា ក្នុងចំណោមគម្រោងទាំងនេះ គឺមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ៦គម្រោង និងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ២២គម្រោង។
ចំពោះ គម្រោងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងពង្រីកផលិតកម្មក្នុងការបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅភូមិព្រៃកីខ និងភូមិព្រៃកីគ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគបន្ថែម ១២,៥លានដុល្លារ និងអាចបង្កើតការងារបន្ថែមបាន ២ ៥០៥កន្លែង។ ចំណែកគម្រោងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសវិញ រួមមាន៖ ១.គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ដោយមានទុនវិនិយោគប្រមាណជាង ៧០លានដុល្លារ នៅទីតាំងនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ និងអាចបង្កើតការងារ ៧០៨កន្លែង។
២. គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ហ្វុងហ្វូ អិនធើណេសិនណល នៅភូមិត្រពាំងផ្លុង ឃុំញរ ភូមិព្រះបាក់ក និងភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង មានទុនវិនិយោគ ៥៥លានដុល្លារ និងអាចបង្កើតការងារ ២៥១កន្លែង។ ៣. គម្រោងវិនិយោគបង្កើតរោងចក្រផលិតដំឡើង និងបង្គំសមាសធាតុជាក់លាក់គ្រឿងម៉ាស៊ីន និងមេកានិច មានទុនប្រមាណ ៣៨លានដុល្លារ និងអាចបង្កើតការងារ ៨៩១៨កន្លែង មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់។
៤. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃផលិតផលពីទឹកដោះគោ ភេសជ្ជៈគ្រប់ប្រភេទគ្មានជាតិ អាល់កុល និងអាហារគ្រប់ប្រភេទ មានទុនប្រមាណ ៣៧លានដុល្លារ អាចបង្កើតការងារបាន ៥៨កន្លែង ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសសុវណ្ណភូមិ។ ៥. គម្រោងវិនិយោគបង្កើតរោងចក្រផលិតខ្សែភ្លើង ខ្សែកាប រឡូខ្សែកាបដែក និងរឡូខ្សែកាបឈើ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងទុនវិនិយោគ ២៥លានដុល្លារ ដោយអាចបង្កើតការងារបាន ១ ១៨៨កន្លែង។ ៦. គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន មានទុនប្រមាណ២០លានដុល្លារ និងអាចបង្កើតការងារ ៦៨៤កន្លែង។
រយៈពេល ១ខែពេញ ក្នុងខែកញ្ញា ឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈពេលដែលការវិនិយោគក្នុងស្រុកគ្របដណ្តប់ ៣២,៩២% នៃទុនវិនិយោគសរុប៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី