2024-10-04
SME News
2024-10-04
SME News
ភ្នំពេញ៖ រយៈពេល១៥ថ្ងៃ នៃរដូវបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៤នេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង៧ម៉ឺននាក់ ទៅលេងកម្សាន្តនៅតាមសហគមន៍ តំបន់ការពារធម្មជាតិនានា នៅទូទាំងប្រទេស ដែលអាចបង្កើតចំណូលដល់សហគមន៍ជាង៣.៥ម៉ឺនដុល្លារ។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី០៤ តុលានេះ។
ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ដែលចាប់ពីថ្ងៃទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ មានភ្ញៀវទេសចរចំនួន៧២,០៩៧នាក់ ក្នុងនោះទេសចរណ៍បរទេសចំនួន៧១៧នាក់ បានធ្វើដំណើរកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។ បើតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិ នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន របស់ក្រសួងបរិស្ថាន ភ្ញៀវទេសចរដែលទៅលេងកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនោះ បាននាំចំណូលដល់សហគមន៍ចំនួន៣៥,៣៦៧ដុល្លារ។
សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នៃភូមិសាស្រ្តខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរជិត២ម៉ឺននាក់ និងអាចរកចំណូលបានជិត១ម៉ឺនដុល្លារ។ ចំណែកឯ តំបន់ការពារធម្មជាតិបឹងយក្សឡោម នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងយក្សឡោម ក្នុងខេត្តរតនៈគីរី ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។
ដោយឡែក ក៏មានភ្ញៀវទេសចរទៅលេងកម្សាន្តនៅតាមសហគមន៍តំបន់ការពារធម្មជាតិនានាផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោមសហគមន៍តំបន់ការពារធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំងប្រទេសកម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។
ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ថវិការរបស់សហគមន៍តំបន់ការពារធម្មជាតិដែលទទួលបានពីភ្ញៀវទេសចរ គឺត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ ដែលបែងចែកសម្រាប់សកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូលរួមសម្រាប់ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋាចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។
ឯកឧត្តមបានបន្ថែមថា កន្លងមក សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកបដោយការទទួលខុសត្រូវ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែងគយគន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណថែមទៀត។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិ មានតួនាទីសំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌវប្បធម៌ប្រពៃណី ទាំងរូបី និងអរូបីឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើតអេកូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។
សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤នេះ សហគមន៍តំបន់ការពារធម្មជាតិ បានទាក់ទាញ់អ្នកទេសចរមកសម្រាកកម្សាន្តបានចំនួនជាង៦៦ម៉ឺននាក់ ក្នុងនោះទេសចរណ៍បរទេសមានចំនួនជាង១.២ម៉ឺននាក់ និងបានផ្តល់ចំណូលដល់សហគមន៍បានចំនួនជាង៥២ម៉ឺនដុល្លារផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី