2024-09-06
គិត បុប្ផា
2024-09-06
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងក្រសួង ស្ថាប័នគោលចំនួន៣ គឺ ក្រសួងពាណិជ្ជកម្ម, អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ដំណើរការសាកល្បងនូវប្រព័ន្ធកំណត់អត្តសញ្ញាណសហគ្រាស (e-KYB) ក្នុងប្រព័ន្ធអេកូឡូស៊ីនៃថ្នាល CamDX។ ដំណើរការសាកល្បងនេះ គឺអនុវត្តចាប់ពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ តទៅ។
ប្រព័ន្ធ e-KYB នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់វិស័យសាធារណៈ ពិសេសប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានផ្សេងទៀតនៃរាជរដ្ឋាភិបាល ដូចជា៖ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក (E-invoicing), ប្រព័ន្ធលទ្ធកម្មសាធារណៈ និងប្រព័ន្ធដាក់ពិន្ទុឥណទានទៅលើសហគ្រាស។ វិស័យឯកជន ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រង អាចធ្វើការងារប្រទាក់ក្រឡាគ្នាជាមួយនឹងវិស័យសាធារណៈបាន ដើម្បីក្លាយជាចង្កោមនៃអង្គតែមួយនៅក្នុងប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច តាមរយៈផ្ទាល CamDX។
លក្ខណៈពិសេសរបស់ប្រព័ន្ធ e-KYB រួមមាន៖ ការផ្ទៀងផ្ទាត់បែបឌីជីថល ប្រកបដោយទំនុកចិត្ត និងសុវត្ថិភាព ដែលក្នុងនោះទិន្នន័យរបស់សហគ្រាស ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងទិន្នន័យគោល (Base Registry) នៃក្រសួង ស្ថាប័នមានសមត្ថកិច្ចរបស់រាជរដ្ឋាភិបាល និងការកំណត់អត្តសញ្ញាណសហគ្រាសក្នុងទម្រង់អេឡិចត្រូនិក ជាមួយនឹងយន្តការផ្ទៀងផ្ទាត់ស្វ័យប្រវត្តិ និងរហ័ស។ ប្រព័ន្ធ e-KYB នឹងផ្ទៀងផ្ទាត់ព័ត៌មានបានច្បាស់លាស់ តាមរយៈការផ្លាស់ប្តូរទិន្នន័យរវាងគ្នា និងគ្នា, ចែករំលែកការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និងការប្រើប្រាស់ទិន្នន័យគោលប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានបញ្ជាក់ថា ប្រព័ន្ធ e-KYB គឺជាប្រព័ន្ធផ្ទៀងផ្ទាត់អត្តសញ្ញាណ, ស្ថានភាព, អនុលោមភាពច្បាប់របស់ក្រុមហ៊ុន សហគ្រាស ភាគីពាក់ព័ន្ធ ឬក្រុមហ៊ុន សហគ្រាសដទៃ និងគ្របដណ្តប់លើការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ និងការស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាស។ ប្រព័ន្ធ e-KYB នឹងអនុញ្ញាតឱ្យវិស័យឯកជនផ្ទៀងផ្ទាត់ជាពិន្ទុ (Scoring Verification) អនុលោមភាពលើទិន្នន័យដែលមានស្រាប់របស់ក្រុមហ៊ុន-សហគ្រាស។
ដើម្បីប្រើប្រាស់ e-KYB APIs ស្ថាប័នឯកជនដែលបានចូលជាសមាជិកនៃថ្នាល CamDX ត្រូវស្នើសុំបន្ថែមលើការប្រើប្រាស់ e-KYB APIs មកកាន់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ដែលជាប្រតិបត្តិករនៃថ្នាល CamDX តាមរយៈប្រព័ន្ធដាក់ពាក្យស្នើសុំចូលជាសមាជិកផ្ទាល់ CamDX។ ចំណែកឯស្ថាប័នឯកជន ដែលមិនមែនជាសមាជិកនៃថ្នាល CamDX គឺត្រូវចូលជាសមាជិកនៃថ្នាល CamDX ជាមុនសិន ទើបទទួលបានការអនុញ្ញាតប្រើប្រាស់ e-KYB APIs៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី