ភ្នំពេញ៖ ក្រុមហ៊ុនចិន Wanli Tires គ្រោងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត នៅប្រទេសកម្ពុជា។ ការសម្រេចចិត្តរបស់ក្រុមហ៊ុនចិនមួយនេះ បន្ទាប់ពីតំណាងក្រុមហ៊ុនបានជួបពិភាក្សាការងារ និងស្វែងយល់ពីសក្តានុពលរបស់កម្ពុជាក្រោមការពន្យល់របស់ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២១ តុលា នៅទីក្រុង Guangzhou ប្រទេសចិន។
ក្នុងជំនួបបានជួបពិភាក្សាការងារជាមួយលោក Jing Guangjun នាយករង និងជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន Guangzhou Industrial Investment Holdings Group (GIIHG) ដែលជាសមាជិករបស់ក្រុមហ៊ុនធំបំផុត៥០០ នៅលើពិភពលោក (Fortune 500) និងមានក្រុមហ៊ុន Wanli Tires ដែលផលិតកង់រថយន្តដ៏ធំរបស់ប្រទេសចិនជាបុត្រសម្ព័ន្ធ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងពីសក្តានុពលសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ដែលបានិងកំពុងបន្តរីកច្រើនយ៉ាងឆាប់រហ័ស។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រាប់ដល់លោក Jing Guangjun ទៀតថា ហេដ្ឋារចនាសម្ព័ន្ធពេញផ្ទៃប្រទេស ដែលកម្ពុជាបាននិងកំពុងអភិវឌ្ឍ ជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តសម្រាប់វិនិយោគិន រួមមាន៖ អាកាសយានដ្ឋានថ្មីខេត្តសៀមរាប, អាកាសយានដ្ឋានថ្មីក្រុងភ្នំពេញ, ការសិក្សាផ្លូវរថភ្លើងភ្នំពេញ-ក្រុងព្រះសីហនុ, ផ្លូវរថភ្លើងភ្នំពេញ-បោយប៉ែត និងគម្រោងពង្រីកកំពង់ផែទឹកជ្រៅ ជាដើម។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្រ្តទាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឱ្យក្រុមហ៊ុនចិនមួយនេះដឹងពីវិនិយោគិន ដែលធ្លាប់ទទួលបានជោគជ័យលើការដាក់បណ្ដាក់ទុនផលិតសំបកកង់រថយន្តរបស់ខ្លួន នៅប្រទេសកម្ពុជា ផងដែរ។
ក្រោយពីបានស្តាប់ការពន្យល់ពីសក្តានុពលរបស់កម្ពុជា ក្រុមហ៊ុន Wanli Tires បានសម្រេចចិត្តនឹងមកសិក្សាលម្អិតលើការបណ្ដាក់ទុនវិនិយោគ ដើម្បីបង្កើតរោងចក្រផលិតសំបកកង់រថយន្តរបស់ខ្លួន នៅប្រទេសកម្ពុជា។ ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុនចិននេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា នឹង ផ្តល់ការសម្របសម្រួលលើការសិក្សារបស់ក្រុមហ៊ុន ដើម្បីអាចឱ្យក្រុមហ៊ុនចាប់ផ្តើមការវិនិយោគសាងសង់រោងចក្រ និងផលិតសំបកកង់ទី១ របស់ខ្លួននៅកម្ពុជា ឱ្យបានលឿនបំផុត៕