2024-09-02
គិត បុប្ផា
2024-09-02
គិត បុប្ផា
ភ្នំពេញ៖ ការយកផែនទី Google Map មកប្រៀបធៀប និងបកស្រាយពីបង្គោលព្រំដែនជាការបង្កើតឱ្យមានការយល់ច្រឡំក្នុងគោលបំណងទុច្ចរិត។ នេះជាការបកស្រាយរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លើករណីមានបុគ្គលផ្សាយព័ត៌មាន យកប្រភពពី Google ដែលជាប្រភពមិនផ្លូវការ ពាក់ព័ន្ធនឹងបង្គោលព្រំដែនកម្ពុជា-វៀតណាម។
ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងដូច្នេះថា៖ «ការយកផែនទី Google Map ឬផែនទីដែលបានមកពីប្រភពផ្សេងៗ មកបកស្រាយពីខ្សែបន្ទាត់ព្រំដែននិងការបោះបង្គោលព្រំដែន មិនត្រឹមត្រូវនិងមិនអាចយកជាការបានឡើយ។ ហើយការបោះបង្គោលខណ្ឌសីមាព្រំដែនដែលជាបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ គេមិនដែលដេកស្រម៉ៃ និងយកផែនទី Google Map មកប្រើនោះទេ»។ ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ថា ការបោះបង្គោលព្រំដែនដែលត្រឹមត្រូវ និងស្របតាមបច្ចេកទេស គឺត្រូវឈរលើគោលការណ៍ចំនួន៣៖ ទី១៖ ផែនទីជាមូលដ្ឋានគឺផែនទីបោនខ្នាត ១/១០០ ០០០ របស់ក្រុមភូមិសាស្ត្រឥណ្ឌូចិនបារាំងដែលសម្តេចព្រះ នរោត្តម សីហនុ បានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ ក្នុងឆ្នាំ១៩៦៤ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ។
ទី២៖ ត្រូវឈរលើមូលដ្ឋាននិយាមការ ដែលបានកំណត់និងបរិយាយលម្អិតនៅក្នុងពិធីសារ ស្តីពីការបរិយាយខ្សែព្រំដែន និងបង្គោលព្រំដែនដែលប្រទេសទាំងពីរបានឯកភាពគ្នា និងទី៣៖ មុននឹងមានការបោះបង្គោលព្រំដែននៅលើដីជាក់ស្តែង គឺត្រូវឆ្លងកាត់នីតិវិធីបច្ចេកទេសលម្អិតដែលធ្វើឡើងដោយក្រុមបច្ចេកទេសចម្រុះព្រំដែននៃភាគីទាំងពីរ ដោយលម្អៀងសូម្បីតែមួយមីលីម៉ែត្រ។
គួរជម្រាបផងដែរថា កន្លងមក ប្រទេសមួយចំនួននៅលើពិភពលោករួមទាំងកម្ពុជា បានតវ៉ាទៅក្រុមហ៊ុន Google អំពីការបង្ហោះផែនទីដែលមិនស្របនឹងផែនទីកំណត់ព្រំដែនរដ្ឋនៃប្រទេសទាំងនោះ។ ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន អំពាវនាវឱ្យសាធារណជនកុំមានការយល់ច្រឡំ ឬជឿលើការបំភ្លៃរបស់បុគ្គលជ្រុលនិយមមួយក្តាប់តូចឡើយ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី