2024-08-29
SME News
2024-08-29
SME News
ភ្នំពេញ៖ ក្រុមការងារ«គ» នៃវេទិការាជរដ្ឋាភិបាល និងផ្នែកឯកជន ត្រូវបានពិភាក្សា និងស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមនានារបស់វិស័យសហគ្រាធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួមសរុបប្រមាណ២៦០នាក់។
បញ្ហាប្រឈមនានាចំនួន២២ របស់វិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវបានលើកយកមកពិភាក្សាដោះស្រាយ ដែលមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាប្រធានក្រុមការងារ«គ» តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា តែ តាំងប៉ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាសហប្រធានក្រុមការងារ«គ» តំណាងផ្នែកវិស័យឯកជន។
បញ្ហាដែលបានលើកយកមកពិភាក្សាស្វែងរកដំណោះស្រាយនោះ រួមមាន៖ លក្ខខណ្ឌតម្រូវភាពអនុលោម ដូចជាការចុះបញ្ជីផលិតផល និងកាតព្វកិច្ចពន្ធដារ, សម្ពាធពីការប្រកួតប្រជែង, ការទទួលបានហិរញ្ញប្បទាន, ការចូលទៅកាន់ទីផ្សារ, ការទទួលបានកម្លាំងពលកម្មជំនាញ, និងថ្លៃដើមផលិតកម្មខ្ពស់ ដោយសារថ្លៃដឹកជញ្ជូន និងតម្លៃថាមពល ជាដើម។
ថ្លែងក្នុងកិច្ចប្រជុំ ដែលធ្វើនៅសណ្ឋាគារហ្គោឌិនស៊ីធី កាលពីថ្ងៃទី២៨ សីហានេះ ដោយមានតំណាងក្រសួងស្ថាប័ន សមាគមពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិ ចូលរួមផងនោះ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី គូសបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តប្តេជ្ញាជំរុញនិងគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ដែលដើរតួនាទីសំខាន់ក្នុងការលើកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារ។
វិស័យ MSMEs ដ៏មានសារសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចជាតិនេះ ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា ជាកត្តាចាំបាច់ដែលត្រូវធ្វើការរួមគ្នាដើម្បីកំណត់ និងដោះស្រាយបញ្ហាប្រឈមនានា ដែលរារាំងដល់ការរីកចម្រើននៃវិស័យឯកជន ខណៈដែលឧកញ៉ា តែ តាំងប៉ បានលើកឡើងពីបញ្ហាមួយចំនួនទៀតដែលនៅសេសសល់ និងកើតមានថ្មីមួយចំនួនទៀតផងដែរ ដែលទាមទារឱ្យមានយន្តការដំណោះស្រាយរួមគ្នា និងអន្តរាគមន៍ពីរាជរដ្ឋាភិបាល។
ក្រៅពីយន្តការដំណោះស្រាយរួម និងការជួយជ្រោមជ្រែកពីរាជរដ្ឋាភិបាល ឯកឧត្តម ហែម វណ្ណឌី ឱ្យសហគ្រាសធុនតូច និងមធ្យម ស្វែងរកលក្ខណៈពិសេសសម្រាប់ផលិតផលរបស់ខ្លួន ទាំងលើគុណភាព រសជាតិ ការប្រើវត្ថុធាតុដើមក្នុងស្រុក លទ្ធភាពស្វែងរកប្រភពដើម និងការអនុវត្តគោលការណ៍ការពារបរិស្ថានជាដើម ខណៈដែលការប្រកួតប្រជែងនៅលើទីផ្សារ នឹងមិនថមថយជាងនាពេលបច្ចុប្បន្ននោះទេ។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា គូសបញ្ជាក់ថា ក្រសួងនឹងបន្តកៀរគរការចូលរួមពីវិស័យឯកជន ដើម្បីយកទៅពិចារណានៅក្នុងដំណើរការរៀបចំយន្តការអន្តរាគមន៍ និងការបង្កើតគោលនយោបាយគាំទ្រនានា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី