2024-08-24
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-24
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ ជាទូទៅការកសាង«រដ្ឋាភិបាលឌីជីថល» បានបែងចែកជា៥កម្រិត ដែលរួមមាន៖ កម្រិតទី១ គឺរដ្ឋាភិបាលអេឡិចត្រូនិក, កម្រិតទី២ ជារដ្ឋាភិបាលបើកចំហ, កម្រិតទី៣ រដ្ឋាភិបាលផ្តោតលើទិន្នន័យ, កម្រិតទី៤ រដ្ឋាភិបាលបរិវត្តកម្មពេញលេញ និងកម្រិតទី៥ គឺរដ្ឋាភិបាលឆ្លាត។ នេះបើតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។
កម្រិតទី១ គឺរដ្ឋាភិបាលអេឡិចត្រូនិក (e- Government) ជាដំណាក់កាលដំបូងនៃរដ្ឋាភិបាលឌីជីថលមានការអភិវឌ្ឍ និងប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល ដើម្បីផ្តល់ព័ត៌មាន និងសេវាតាមអនឡាញ ប៉ុន្តែព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យមានសភាពដាច់ដោយឡែក និងមិនទាន់បានធ្វើសមាហរណកម្មចូលគ្នា។ កម្រិតទី២ រដ្ឋាភិបាលបើកចំហ (Open Government) ជាដំណាក់កាលដែលប្រព័ន្ធព័ត៌មានឌីជីថលត្រូវបានបង្កើតឡើង ដើម្បីទទួលមតិយោបល់ពីពលរដ្ឋ និងមានអន្តរសកម្មជាមួយអ្នកទទួលសេវា។ ក្នុងកម្រិតនេះ ព័ត៌មានរបស់រដ្ឋាភិបាលត្រូវបានបើកចំហរដល់សាធារណជន ដើម្បីធានាតម្លាភាពនិងគណនេយ្យភាព។
កម្រិតទី៣ រដ្ឋាភិបាលផ្តោតលើទិន្នន័យ (Data-centric Government) ជាការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលចាត់ទុកទិន្នន័យជាទ្រព្យសំខាន់ និងចាំបាច់។ ការអភិវឌ្ឍកម្មវិធីមិនមែនជាចំណុចអាទិភាពតទៅទៀត ផ្ទុយទៅវិញការប្រមូល ការប្រើប្រាស់ និងការវិភាគទិន្នន័យគឺជាអាទិភាពរបស់រដ្ឋាភិបាល។ ប្រព័ន្ធព័ត៌មានឌីជីថលហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យរបស់ក្រសួងស្ថាប័នថ្នាក់ជាតិ និងរដ្ឋាភិបាលថ្នាក់ក្រោមជាតិត្រូវបានធ្វើសមាហរណកម្មជាបណ្តើរៗ ដោយប្រើប្រាស់ថ្នាលឌីជីថលរួមរបស់រដ្ឋាភិបាល(Government as a platform) សម្រាប់ដំណើរការការងារ។
កម្រិតទី៤ គឺរដ្ឋាភិបាលបរិវត្តកម្មពេញលេញ (Fully Transformed Government) ជាដំណាក់កាលដែលក្រសួងស្ថាប័នធ្វើឌីជីថលពេញលេញ ដោយប្រព័ន្ធព័ត៌មានឌីជីថល ហេដ្ឋារចនាសម្ព័ន្ធ និងទិន្នន័យទាំងអស់ត្រូវធ្វើសមាហរណកម្មចូលគ្នា ហើយការប្រើប្រាស់ ការគ្រប់គ្រង ការការពារទិន្នន័យ និងការបម្រើសេវាមានលក្ខណៈល្អប្រសើរ។ ចំពោះកម្រិតទី៥ គឺរដ្ឋាភិបាលឆ្លាត (Smart Government) ជាដំណាក់កាលដែលការប្រមូល និងការវិភាគទិន្នន័យត្រូវធ្វើឡើងដោយស្វ័យប្រវត្តិ សម្រាប់ជាមូលដ្ឋានដល់ការសម្រេចចិត្ត និងការឆ្លើយតបនឹងបញ្ហា។ នវានុវត្តន៍នៃសេវារដ្ឋាភិបាលឌីជីថល ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីៗមានជាអាទិ៍ បញ្ញាសិប្បនិម្មិត អ៊ីនធឺណេតនៃវត្ថុ ទិន្នន័យធំប្លុកឆេន បច្ចេកវិទ្យាក្លោដ អាចកើតមានឡើងពេញលេញនៅក្នុងដំណាក់កាលនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី