2024-08-03
គន ម៉េងហុង
2024-08-03
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងសុខាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សី H5N1 ក្រោយរកឃើញករណីវិជ្ជមានជំងឺផ្តាសាយបក្សីប្រភេទនេះ ១ករណីទៀតលើក្មេងប្រុសអាយុ៤ឆ្នាំ ដែលមានទីលំនៅភូមិជ្រុងពពេល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។ ការអំពាវនាវនេះ បានធ្វើឡើងកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។
បើតាមការចេញផ្សាយរបស់ក្រសួងសុខាភិបាល ក្មេងប្រុសដែលមានជំងឺផ្តាសាយបក្សី មានអាការៈគ្រុនក្តៅ ក្អក ហត់ ពិបាកដកដង្ហើម នឹងសន្លឹម ប៉ុន្តែបច្ចុប្បន្នមានស្ថានភាពធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ មូលហេតុនៃការឆ្លងនេះ គឺប្រហែល១២ថ្ងៃមុនចាប់ផ្តើមឈឺ ផ្ទះអ្នកជំងឺបានយកមាន់ទាងាប់ក្នុងភូមិយកធ្វើម្ហូបបរិភោគ និងអ្នកជំងឺបានប៉ះពាល់និងកាន់មាន់ងាប់នោះផងដែរ។ ករណីវិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ H5N1 លើក្មេងប្រុសនេះ ត្រូវបានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខាភិបាលសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ កាលពីថ្ងៃទី៣០ ខែកក្កដា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បញ្ជាក់ថា H5N1 នៅតែបន្តគំរាមកំហែងដល់សុខភាពពលរដ្ឋ ដូច្នេះប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ហៀរសំបោរ ឬពិបាកដកដង្ហើម និងមានប្រវត្តិធ្លាប់បានប៉ះពាល់ជាមួយមាន់ទាឈឺ ឬស្លាប់ក្នុងអំឡុង១៤ថ្ងៃ មុនថ្ងៃចាប់ផ្តើមមានរោគសញ្ញា ត្រូវកុំជួបជុំនៅទីប្រជុំជន និងត្រូវស្វែងរកការពិនិត្យព្យាបាលនៅតាមមូលដ្ឋានសុខាភិបាលឱ្យទាន់ពេលវេលា។
ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្តាសាយមួយដែលចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែវាក៏អាចចម្លងពីបក្សីទៅមនុស្សតាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈឺឬងាប់ផងដែរ ហើយជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ចំពោះវិធានការបង្ការវិញ គឺត្រូវលាងដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី។ លើសពីនេះ ត្រូវមើលកុមារឱ្យនៅឆ្ងាយពីបក្សី ដាក់សត្វបក្សីឱ្យឆ្ងាយពីកន្លែងរស់នៅ និងកុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចម្អិនឱ្យឆ្អិនល្អ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី