2024-07-13
គិត បុប្ផា
2024-07-13
គិត បុប្ផា
ភ្នំពេញ៖ ការអភិវឌ្ឍធនធានមនុស្ស នៅតែជាវិស័យអាទិភាពចម្បងគ្រប់ដំណាក់កាលសម្រាប់កម្ពុជា។ ពិសេស ការអភិវឌ្ឍធនធានមនុស្សលើប្រព័ន្ធបច្ចេកវិទ្យាទំនើបឱ្យបានខ្លាំង ដើម្បីអាចគ្រប់គ្រង និងជៀសវាងមហន្តរាយដែលកើតឡើងពីការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងដូច្នេះ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ នៅវិមាន ៧មករា។
នាឱកាសផ្តល់អនុសាសន៍ ដល់និស្សិតជ័យលាភីអាហារូបករណ៍ទៅបន្តការសិក្សានៅសាធារណរដ្ឋឆេក និងជប៉ុនចំនួន ៤០នាក់ សម្ដេចតេជោប្រធានព្រឹទ្ធសភា មានប្រសាសន៍ថា ការវិវត្តនៃបច្ចេកវិទ្យាឌីជីថលនៅក្នុងប្រទេសកម្ពុជា មានភាពជឿនលឿន និងត្រូវជំរុញបន្ថែមទៀត។ ទន្ទឹមនឹងភាពជឿនលឿននៃបច្ចេកវិទ្យានេះ សម្ដេចតេជោ ហ៊ុន សែន បន្តថា បញ្ញាសិប្បនិម្មិត អាចដំណើរការបានដោយសារមនុស្ស ហេតុនេះមនុស្សត្រូវមានសមត្ថភាពបញ្ជាលើបច្ចេកវិទ្យា មិនមែនបច្ចេកវិទ្យាមកបញ្ជាលើមនុស្សវិញនោះទេ។
អតីតនាយករដ្ឋមន្រ្តី សម្ដេចតេជោ ហ៊ុន សែន បានផ្តល់អនុសាសន៍ដល់និស្សិតអាហារូបករណ៍ទាំង៤០នាក់ថា ត្រូវទៅទាញយកខួរក្បាលបច្ចេកវិទ្យា និងជំនាញផ្សេងៗពីបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេសកម្ពុជា និងកុំខ្លាច និងចាញ់ប្រៀបជនបរទេសដោយមូលហេតុគេជាប្រទេសអ្នកមាន។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន ថាមិនត្រូវព្រហើន និងមានមោទនភាពជ្រុលឡើយ។
សម្ដេចតេជោ ហ៊ុន សែន លើកឡើងបន្តថា សម័យកូវីដ១៩ បានជំរុញល្បឿននៃបរិវត្តកម្មឌីជីថលនៅកម្ពុជាកាន់តែលឿន ដូចជាការទូទាត់តាមអនឡាញ និងការបង្រៀនតាមអនឡាញ ដែលផ្តល់ឱកាសដល់ការសិក្សា និងធ្វើការតាមអនឡាញបានទាំងប្រជាជន និងអ្នកជាប់ក្នុងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោ ចាត់ទុកថាការបណ្ដុះបណ្ដាលធនធានមនុស្សជាផ្នែកសំខាន់ ដែលបម្រើតម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក ខណៈពេលដែលកម្ពុជាធ្វើពិពិធកម្មទីផ្សារ និងជាប្រទេសនាំចេញនៅក្នុងក្របខ័ណ្ឌទ្វេភាគី (ពាណិជ្ជកម្មជាមួយអឺរ៉ុប និងអាម៉េរិក កិច្ចព្រមព្រៀងសេរីជាមួយចិន កូរ៉េខាងត្បូង និងអារ៉ាប់អេមីរ៉ាត់) និងពហុភាគី (កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងតំបន់អាស៊ាន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ RCEP)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី