2024-07-10
គិត បុប្ផា
2024-07-10
គិត បុប្ផា
ភ្នំពេញ៖ មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បានចុះផ្សាយថា ការធ្វើស្វ័យប្រកាសចំពោះអ្នកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យលើដំបូល(សូឡា) នៅតាមផ្ទះ ឬតាមអាជីវកម្ម ដែលមានអានុភាពត្រឹម ១០គីឡូវ៉ាត់ចុះក្រោម ឬសូឡាទំហំមធ្យម ២០ផ្ទាំង ឬទំហំធំ ១៦ផ្ទាំង សរុបប្រហែលចន្លោះពី ១២០ម៉ែត្រការ៉េ ទៅ២០០ម៉ែត្រការ៉េ មិនតម្រូវឱ្យបង់ប្រាក់ឡើយ។ ហេតុនេះ ការធ្វើស្វ័យប្រកាស ស្ទើតែ៩៥% ដែលមិនប៉ះពាល់ ឬតម្រូវឱ្យមានការចំណាយអ្វីទាំងអស់ ដូច្នេះកុំផ្អើលតាមគ្នាពាក់ព័ន្ធនឹងការបង់ពន្ធ ឬបង់ថ្លៃចំពោះការប្រើប្រាស់សូឡានេះ។
មន្ទីររ៉ែ និងថាមពល បានអំពាវនាវដល់សាធារជនសូមស្វែងយល់ឱ្យច្បាស់សិន ពាក់ព័ន្ធនឹងការធ្វើស្វ័យប្រកាសនេះ ដោយមន្ទីររ៉ែ បានលើកជាឧទាហរណ៍ថា នៅតាមផ្ទះល្វែងជាបុរី ៤ម៉ែត្រ គុណ១៦ម៉ែត្រ មានទំហំតែ ៦៤ម៉ែត្រការ៉េទេ ដូច្នេះបើសិនជាដាក់សូឡាក្រាលពេញដំបូលផ្ទះល្វែងក៏មិនជាប់ប្រាក់បង់ប៉ះប៉ូវដែរ។ ការសង្ខេបឱ្យខ្លី រឿងប្រើប្រាស់ពន្លឺព្រះអាទិត្យរបស់មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានបញ្ជាក់ថា ឧបករណ៍ប្រើពន្លឺព្រះអាទិត្យដោយផ្ទាល់ ដូចជាបង្គោលអំពូលភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំងដាំបាយ អំពូលបំភ្លឺតាមសួនជាដើម ដែលមិនតភ្ជាប់ជាមួយប្រព័ន្ធខ្សែភ្លើងប្រើក្នុងផ្ទះរាល់ថ្ងៃជាមួយភ្លើងរដ្ឋ មិនចាំបាច់ចុះបញ្ជីអ្វីទាំងអស់។
ការតម្រូវឱ្យមានការចុះបញ្ជី និងអាចត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីឱ្យមានសមធម៌នៅពេលខាងមុខ គឺចំពោះតែរោងចក្រឧស្សាហកម្ម កន្លែងធ្វើពាណិជ្ជកម្ម សណ្ឋាគារ ឬអគារធំៗតែប៉ុណ្ណោះ។ មូលហេតុ ដែលអាចនឹងត្រូវបង់ថ្លៃប៉ះប៉ូវនោះ គឺបណ្តារោងចក្ររកស៊ីលើប្រព័ន្ធសូឡានឹងអាចចំណេញថ្លៃភ្លើងច្រើន ដូច្នេះហើយត្រូវបង់ថ្លៃប៉ះប៉ូវ ដើម្បីទប់ថ្លៃអ្នកប្រើផ្សេងទៀត។ ការធ្វើបែបនេះរបស់អាជ្ញាធរអគ្គិសនីកម្ពុជា មន្ទីររ៉ែ និងថាមពលខេត្តកំពង់ធំ បញ្ជាក់ថាដើម្បីជាប្រយោជន៍អ្នកប្រើតូចៗ។
សូមជម្រាបថា កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ អាជ្ញាធរអគ្គិសនីកម្ពុជា បានអំពាវនាវដល់អ្នកប្រើប្រាស់សូឡា ដែលពុំមានការអនុញ្ញាត ឬមិនទាន់ចុះកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ ត្រូវមកដាក់ពាក្យស្វ័យប្រកាស ចាប់ពីថ្ងៃទី៥ ខែកក្កដា ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤។ ចំពោះអ្នកប្រើប្រាស់ ដែលមិនដាក់ពាក្យស្វ័យប្រកាសតាមកាលកំណត់ នឹងត្រូវបង់ថ្លៃប៉ះប៉ូវខ្ពស់ ឬផ្អាកការផ្គត់ផ្គង់អគ្គិសនីពីប្រភពបណ្តាញជាតិបណ្តោះអាសន្ន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី