2024-06-30
ទូច សូរិយា
2024-06-30
ទូច សូរិយា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានស្នើឱ្យប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់ជួយគាំទ្រផលិតផលខ្មែរដែលមានគុណភាពខ្ពស់។ តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា តាមរយៈការគាំទ្រនេះ កម្ពុជាអាចអភិវឌ្ឍន៍មុខទំនិញបានច្រើនប្រភេទ ដូចប្រទេសជឿនលឿនដទៃទៀត។
ក្នុងពិធីអបអរសាទរខួប១ឆ្នាំនៃផលិតផលសាប៊ូកូនក្មេងសរីរាង្គម៉ាក KLEN ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា៖ «បើចង់ឱ្យប្រទេសយើងកាន់តែធូរធារ ទាល់តែយើងជាប្រទេសផលិត ប្រទេសកែច្នៃ និងជាប្រទេសបង្កើតតម្លៃបន្ថែម មិនត្រឹមតែជាប្រទេសប្រើប្រាស់នោះទេ»។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានឱ្យដឹងថា កម្ពុជានឹងក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់, ការកើនឡើងនៃអំណាចទិញ និងមានកំណើនប្រជាពលរដ្ឋថ្នាក់កណ្តាល ដែលមានឥទ្ធិពលវិជ្ជមានដល់សេដ្ឋកិច្ចជាតិទៀតផង។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល កំពុងខិតខំលើកកម្ពស់ការផលិតក្នុងស្រុក និងផលិតភាព ជាពិសេសការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ដើម្បីកាត់បន្ថយការពឹងផ្អែកលើការនាំចូល, បង្កើតតម្លៃបន្ថែម, និងបង្កើតការងារ។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានបន្ថែមថា វត្តមានរបស់ក្រុមហ៊ុន Khmer Household & Healthcare និង IG Trading Group គឺជាការឆ្លើយតបទាន់ពេលវេលា និងសមស្របទៅនឹងតម្រូវការរបស់អ្នកប្រើប្រាស់ដែលកំពុងកើនឡើងនៅកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានសង្កត់ធ្ងន់ថា សារសំខាន់នៃនវានុវត្តន៍ក្នុងការអភិវឌ្ឍផលិតផល និរន្តរភាពបរិស្ថាន និងការរក្សាបាននូវស្តង់ដារគុណភាពខ្ពស់ គឺដើម្បីបង្កើនទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងឧត្តមភាពប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក ទីផ្សារតំបន់ និងពិភពលោក។ ក្នុងពិធីអបអរសាទរខួប១ឆ្នាំ នេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានលើកទឹកចិត្តដល់ក្រុមហ៊ុន ក៏ដូចជាវិស័យឯកជនទាំងអស់ ឱ្យសហការជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍឧស្សាហកម្ម និងបំពេញតាមលក្ខខណ្ឌតម្រូវរបស់ទីផ្សារ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី