2024-06-21
ទូច សូរិយា
2024-06-21
ទូច សូរិយា
ភ្នំពេញ៖ សកម្មភាព នៃអង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី (SME News) ចូលរួមក្នុងគម្រោងដាំកូនឈើប្រណីតចំនួន ៣ពាន់ដើម នៅលើផ្ទៃដីជាង ២ហិកតា ក្នុងបរិវេណវត្តពោធិវ័ន ហៅវត្តអំពិល ដែលមានទីតាំងស្ថិតនៅឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ក៏ត្រូវជាថ្ងៃបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ យាងចូល ៨៩ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ផងដែរ។
គម្រោងដាំកូនឈើប្រណីតៗនេះ ផ្តួចផ្តើមដោយក្រុមការងារស្ម័គ្រចិត្តដាំដើមឈើវិទ្យុប្រជាជន FM91.0M រាជធានីភ្នំពេញ FM 90.5M ខេត្តកំពង់ចាម ដែលដឹកនាំដោយលោក DJ Lux និងមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ, សិស្សានុសិស្ស, ព្រះសង្ឃ, អាជ្ញាធរមូលដ្ឋានជាច្រើន ព្រមទាំងមានតំណាងមកពី អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី, មជ្ឈមណ្ឌលឆៀក អេចខេ បឹងបៃតង សែនសុខ, ក្រុមហ៊ុន GTV Motor Cambodia និងក្រុមហ៊ុនគូបូតា សរុបប្រមាណ ៤០០អង្គ/នាក់។
គម្រោងដាំកូនឈើនេះ ក៏ជាកិច្ចការងារសង្គមដែលបង្ហាញពីការប្តេជ្ញាចិត្ត ដើម្បីរួមចំណែកធ្វើជាគំរូភាព និងបន្សល់ទុកជាមរតកបៃតងសម្រាប់កូនខ្មែរជំនាន់ក្រោយផងដែរ។ យុទ្ធនាការនេះ ក៏ស្របទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាថែរក្សា ការពារព្រៃឈើ និងបន្ដដាំដើមឈើគ្រប់ប្រភេទនៅលើដីដែលទំនេរ តាមទីអារាម ភូមិឋាន និងទីកន្លែងផ្សេងៗទៀត ឱ្យបានកាន់តែច្រើនតាមលទ្ធភាពដែលអាចដាំបាន ដើម្បីឱ្យកម្ពុជា ក្លាយជាប្រទេសពោរពេញទៅដោយបរិស្ថានពណ៌បៃតង មានខ្យល់បរិសុទ្ធ និងបរិយាកាសល្អ។
សកម្មភាពកិច្ចការងារសង្គមដាំកូនឈើប្រណីតនេះ ជាការចូលរួមចំណែកជាមួយយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើមក្នុង១ឆ្នាំ របស់ក្រសួងបរិស្ថានដែរ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ធ្លាប់បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ នៃក្រសួងបរិស្ថាន បេ្តជ្ញាចិត្តខ្ពស់ និងមានផែនការយុទ្ធសាស្ត្រច្បាស់លាស់ ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង និងដើម្បីសម្រេចគោលដៅកម្ពុជា «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០% នៅឆ្នាំ២០៥០»។ សូមជម្រាបថា ក្រសួងបរិស្ថាន មន្ទីរបរិស្ថានខេត្តកំពង់ចាម មន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង និងសួនបណ្តុះកូនឈើកែវលតា បានផ្តល់កូនឈើប្រណីតទាំងនេះ ដែលមានជាប្រភេទឈើកកោះ, បេង, នាងនួន, គ្រញូង, ធ្នង់, សុក្រំ, គគី, គីនីន និងកូនត្នោតផងដែរ។
លោក DJ Lux បានឱ្យដឹងថា សកម្មភាពដាំកូនឈើនេះ កើតឡើងចេញពីបេះដូង, កើតចេញពីការស្ម័គ្រចិត្ត កាតព្វកិច្ច និងតួនាទីរបស់មនុស្សម្នាក់ៗដែលត្រូវរួមគ្នាដាំដុះ រួមគ្នាថែរក្សាបរិស្ថាន រួមគ្នាជួយភពផែនដីនៅក្របខ័ណ្ឌទូទាំងប្រទេស។ ចំណែកឯថវិកា គឺជាការចូលរួមឧបត្ថម្ភដោយស្ម័គ្រចិត្តតាមសទ្ធាទឹកចិត្ត តិចក្តី ច្រើនក្តីមិនមានការបង្ខិតបង្ខំឡើយ។ កន្លងទៅកម្មវិធីនេះ ដំណើរការទៅបានដោយសារយើងមានសួនបណ្តុះកូនឈើកែវលតា ដែលបានទ្រទ្រង់សកម្មភាពយើងមករហូត។ ដូច្នេះ ផ្នែកហិរញ្ញវត្ថុនេះ កើតឡើងពីការស្ម័គ្រចិត្តរបស់បងប្អូន គឺក្រុមការងារបានយកទៅទិញដើមឈើបន្ថែម ទិញជី ថែទាំ តប្រព័ន្ធទឹកយកមកស្រោចស្រពជាដើម។
សកម្មភាពដាំកូននេះ លោក DJ Lux បញ្ជាក់ថា ក្រុមការងារបានចាប់ផ្តើមគម្រោងនេះឡើងជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំកើតមានការរីករាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលមិនបានធ្វើសកម្មភាពដាំកូនឈើ ព្រោះត្រូវអនុវត្តតាមវិធានការរបស់រដ្ឋាភិបាល។ ជាទូទៅគឺចាប់ផ្តើមនៅចន្លោះខែឧសភា-មិថុនា គឺចាប់ផ្តើមដាំ និងបន្ទាប់មកជាដំណាក់កាលនៃការថែទាំ ដើម្បីឱ្យដើមឈើយើងក្លាយទៅជាដើមឈើបៃតងនៅគ្រប់ទីកន្លែង ដែលសកម្មភាពនេះយើងរួមគ្នាសហការដើម្បីទទួលខុសត្រូវចំពោះភពផែនដី។
ក្នុងនាមជាក្រុមការងារស្ម័គ្រចិត្ត លោក DJ Lux បានថ្លែងអំណរគុណដល់អ្នកចូលរួម និងអ្នកឧបត្ថម្ភ ព្រមទាំងបានអំពាវនាវឱ្យយុវជន ប្រជាពលរដ្ឋខ្មែរ សិស្ស និស្សិតទាំងអស់ សូមចូលរួមគាំទ្រ និងរួមគ្នាចាប់ផ្តើមដាំដើមឈើតាំងពីពេលនេះតទៅ ក្នុងម្នាក់ឱ្យបានមួយដើមយ៉ាងហោចណាស់ ឬក៏ចូលរួមសកម្មភាពជាមួយក្រុមរបស់លោក DJ Lux ឬជាមួយសហគមន៍ និងសាលាផងដែរ ដើម្បីរួមគ្នាស្តារឡើងវិញ និងធ្វើឱ្យមានភាពប្រសើរ ពិសេស ដើម្បីទប់ទល់ការបម្រែបម្រួលអាកាសធាតុរបស់ពិភពលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី