2023-10-07
SME News
2023-10-07
SME News
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន ៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃ១២-១៦ ខែតុលា ឆ្នាំ២០២៣ ដោយឥតគិតថ្លៃ។ ការត្រៀមរថយន្តដ៏ច្រើន ដើម្បីជួយសម្រួលដល់ការចំណាយរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រណៃណីជាតិខ្មែរ។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ រថយន្តក្រុងទាំង៤៥៥គ្រឿង ដែលរដ្ឋបាលបានរៀបចំ ក្នុងនោះមាន៦០គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ។ ចំណែកឯ ៣៩៥គ្រឿងទៀត សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងត្រឡប់ពីខេត្តមករាជធានីភ្នំពេញវិញ។
រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំទីតាំងចេញពីរាជធានីភ្នំពេញចាប់ពីម៉ោង៦:៣០ ដល់ម៉ោង១១:៣០នាទីព្រឹក ឆ្ពោះទៅតាមបណ្តាផ្លូវជាតិនីមួយ រហូតដល់គោលដៅក្នុងខេត្តទាំងអស់ ដែលក្នុងនោះរួមមាន៖ សម្រាប់ការធ្វើដំណើរតាមផ្លូវជាតិលេខ១ មានរថយន្តចំនួន២០គ្រឿង ដែលចេញពីដំណើរពីនៅស្ថានីយរថយន្តវាលស្បូវ (ផ្លូវជាតិលេខ១ ច្រកចូលបុរីតារាសំណាង) ឆ្ពោះទៅកាន់ទីរួមខេត្តព្រៃវែង និងស្វាយរៀង ខណៈដែលការធ្វើដំណើតតាមផ្លូវជាតិលេខ២ សាលាក្រុងបានរៀបចំដាក់រថយន្ត០៥គ្រឿង នៅតាមបណ្តោយមហាវិថីវ៉េងស្រេង ទល់មុខកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្ពោះទៅគោលដៅចំណតនៅរង្វង់មូលអូរចំបក់ ក្នុងខេត្តតាកែវ។
ចំពោះ រថយន្ត២០គ្រឿងទៀត នឹងរៀបចំសម្រាប់ការធ្វើដំណើរនៅខេត្តកែប និងកំពត តាមផ្លូវជាតិលេខ៣ ដោយមានចំណុចចាប់ផ្តើមនៅត្រង់នៅស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) ឆ្ពោះទៅកាន់ចំណតគោលដៅត្រង់សាលាបឋមសិក្សាដំណាក់ចង្អើរ និងទីរួមខេត្តកំពត។ រីឯ ពលរដ្ឋ ដែលធ្វើដំណើតតាមរថយន្តក្រុងសាធារណៈតាមផ្លូវជាតិលេខ៤ ទៅខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ មានរថយន្តចំនួន១៥គ្រឿង ត្រៀមចេញដំណើតពីស្ថានីយរថយន្តក្រុងផ្លូវ២០០៤ (ជាប់របងបញ្ជាការដ្ឋានកងទ័ពអាកាស) និងមានគោលដៅចំណតស្ថិតនៅចំណតរថយន្តផ្សារកំពង់ស្ពឺ និងវិមានឯករាជ្យខេត្តព្រះសីហនុ។
ចំណែកឯ រថយន្តចំនួន ១៥០គ្រឿង ត្រូវបានត្រៀមសម្រាប់ការធ្វើដំណើរទៅតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅខេត្តកំពង់ឆ្នាំ, ពោធិ៍សាត់, បាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលមានចំណតចេញដំណើរនៅ ស្ថានីយរថយន្តក្រុងសួនច្បារឬស្សីកែវ និងគោលដៅឈាប់នៅតាមខេត្តគោលដៅទាំង៤ ដែលមាននៅចំណតរថយន្តផ្សារលើ, ទីតាំងបុរីឧកញ៉ា ភូ ពុយ, ចំណតរថយន្តផ្សារភូ ពុយ, ចំណតរថយន្តក្រុងសេរីសោភណ្ឌ។ បើទៅតាមផ្លូវជាតិលេខ៦ ពីភ្នំពេញ-កំពង់ធំ-សៀមរាប រថយន្តចំនួន១៣០គ្រឿង ទីតាំងចេញដំណើរនៅដីឡូតិ៍តំបន់ OCIC ជ្រោយចង្វារ(រង្វ់មូលទេពមច្ឆា) និងទីតាំងឈប់ស្ថិតនៅត្រង់ភោជនីយដ្ឋានស្ទឹងសែន សម្រាប់ខេត្តកំពង់ធំ និងទីតាំងបុរីរដ្ឋបាលខេត្តសៀមរាប វិថីសម្តេចវិបុលបញ្ញា សុខ អាន(ផ្លូវ៦០ម៉ែត្រ)។
ដោយឡែក ការធ្វើដំណើរតាមផ្លូវជាតិលេខ៦,៧ ពីភ្នំពេញ-កំពង់ចាម, ត្បូងឃ្មុំ មានរថយន្តចំនួន៣០គ្រឿង មានចំណុចចាប់ផ្តើមនៅស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង ឆ្ពោះទៅគោលដៅឈប់នៅចំណតរថយន្តខេត្តកំពង់ចាម និងផ្សារសួង ខណៈដែលការធ្វើដំណើរតាមផ្លូវជាតិលេខ៨,១៣ ពីភ្នំពេញ-ក្រចេះ, ស្ទឹងត្រែង ៣០គ្រឿង ចេញពីស្ថានីយរថយន្តក្រុង រង្វង់មូលកួចកាណុង ទៅឈប់ដល់ចំណតមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ (រង្វង់មូលព្រាបស) និងសាលាខេត្តស្ទឹងត្រែង។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ឱ្យរក្សាតម្លៃដឹកជញ្ជូននៅធម្មតា ដើម្បីរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរទៅលេងស្រុកកំណើតក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី