2024-05-27
ទូច សូរិយា
2024-05-27
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ស្នើឱ្យទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ពិនិត្យលទ្ធភាពផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានបៃតង តាមរយៈកិច្ចសហការជាមួយសហគ្រិនខ្មែរ ហើយហិរញ្ញប្បទាននេះ នឹងជាកាតាលីករជំរុញឱ្យសហគ្រាសធុនតូច ទៅមធ្យម និងបន្តទៅជាសហគ្រាសធំៗ។ ការស្នើសុំនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោកស្រី ហេលេនល័រហ្សុង គណៈប្រតិភូនៃ AFD។
តាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយឱ្យសហគ្រាសចាប់យកបច្ចេកវិទ្យាបៃតង កាត់បន្ថយការបំភាយ និងផ្លាស់ប្តូរទៅរកការអនុវត្តអាជីវកម្មដែលកាន់តែមាននិរន្តរភាព។ ក្នុងនោះ ឯកឧត្តម ហែម វណ្ណឌី ក៏បានស្នើឱ្យ AFD បន្តជួយពង្រឹងសមត្ថភាពរដ្ឋាករទឹក ដើម្បីឈានដល់ការផ្តល់សេវាគ្រប ដណ្តប់ទូទាំងប្រទេស ដោយពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតតាមបណ្តារាជធានី-ខេត្ត និងរៀបចំផែនការមេទឹកស្អាតសម្រាប់ខេត្តនីមួយៗ។
លោកស្រី ហេលេនល័រហ្សុង បានលើកឡើងថា ការសហការផ្តល់ហិរញ្ញប្បទានបៃតងដែល AFD កំពុងអនុវត្តតាមរយៈក្រុមហ៊ុន Propaco គឺដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាប្រតិបត្តិករទឹកស្អាតឯកជនផងដែរ។ លោកស្រី ហេលេនល័រហ្សុង បានបន្តថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត ជាគោលដៅចម្បងមួយរបស់ AFD នៅកម្ពុជា ដែលសំដៅលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាទឹកស្អាត និងអនាម័យ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងជំនួយបច្ចេកទេសចាំបាច់សម្រាប់គម្រោងសាងសង់ និងស្តារប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រួមទាំងបណ្តាញចែកចាយ និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបន្ថែមទៀត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី