2026-10-01
SME News
2026-10-01
SME News
ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ អង្គការយូនីសេហ្វ (UNICEF) មើលឃើញភាពជាដៃគូរវាងរដ្ឋ និងឯកជន ក្នុងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា ថាអាចជាគំរូសម្រាប់ប្រទេសដទៃ។ នេះជាការលើកឡើងរបស់លោកស្រីបណ្ឌិត Maha Damaj តំណាងអង្គការយូនីសេហ្វនៅកម្ពុជា ដែលទើបតែងតាំងថ្មី ក្នុងជំនួបជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
ភាគីទាំងពីរបានពិភាក្សាអំពីការអនុវត្ត “គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យសម្រាប់សហគ្រាស” (WISE) កិច្ចសហការជាមួយប្រតិបត្តិករទឹកស្អាតឯកជន និងការត្រៀមលក្ខណៈទប់ទល់នឹងហានិភ័យកង្វះទឹកដែលអាចបង្កឡើងដោយបាតុភូត El Niño។
លោកស្រី Maha Damaj បានលើកឡើងថា៖ “គម្រោង WISE មានលក្ខណៈនវានុវត្តន៍ខ្ពស់ និងជាគំរូនៃភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលយើងមើលឃើញថាជាទិសដៅអនាគតនៃការធានាសិទ្ធិមូលដ្ឋានក្នុងការទទួលបានទឹកស្អាត និងមានសុវត្ថិភាពសម្រាប់គ្រួសារ និងកុមារ។ គម្រោងនេះមានលក្ខណៈឈានមុខក្នុងទិដ្ឋភាពជាច្រើន ហើយយើងជឿថា កម្ពុជាអាចបង្ហាញគម្រោងជាគំរូនៃភាពជាដៃគូទៅកាន់ពិភពលោក។”
លោកស្រីបានបន្ថែមថា នាយកសកលរបស់យូនីសេហ្វ ទទួលបន្ទុកទឹកស្អាត និងអនាម័យ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ ដើម្បីស្វែងយល់ពីគម្រោងនេះ និងពិនិត្យលទ្ធភាពចងក្រងជាករណីសិក្សាសម្រាប់ប្រទេសដទៃដែលកំពុងប្រឈមបញ្ហាទឹកស្រដៀងគ្នា។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា គម្រោង WISE គាំទ្រដល់កំណែទម្រង់ទូលំទូលាយរបស់ក្រសួងក្នុងវិស័យទឹកស្អាត រួមទាំងផ្នែកអភិបាលកិច្ច ប្រតិបត្តិការបច្ចេកទេស គុណភាពទឹក ការពង្រីកសេវា ការអនុវត្តច្បាប់និងបទប្បញ្ញត្តសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជន។
ឯកឧត្តមបានលើកឡើងថា៖ “ជាមួយធនធានដែលយូនីសេហ្វ និងគម្រោង WISE អាចកៀរគរបាន គម្រោងអាចបង្កើតផលជះកាន់តែធំដល់វិស័យទឹកស្អាត។ គោលដៅរបស់យើងមិនមែនត្រឹមតែពង្រីកការទទួលបានទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែចង់ប្រែក្លាយទឹកស្អាត ជាកម្លាំងជំរុញសេដ្ឋកិច្ចជនបទ។”
ឯកឧត្តមបានបញ្ជាក់ថា ការពង្រឹងសមត្ថភាពបច្ចេកទេស គុណភាពសេវា និងនិរន្តរភាពហិរញ្ញវត្ថុរបស់ប្រតិបត្តិករទឹកស្អាតឯកជន មានសារសំខាន់ក្នុងការពង្រីកសេវាទឹកស្អាតដែលអាចទុកចិត្តបាន ពិសេសនៅតំបន់ជនបទ។
កិច្ចប្រជុំក៏បានពិភាក្សាអំពីការសហការត្រៀមលក្ខណៈសម្រាប់បាតុភូត El Niño ដោយ យូនីសេហ្វ សន្យាចែករំលែកបទពិសោធន៍ក្នុងការរៀបចំផែនការត្រៀមបម្រុង និងថាការិយាល័យយូនីសេហ្វ នៅប្រទេសមួយចំនួនទៀតក្នុងតំបន់ បានចាប់ផ្តើមការសម្របសម្រួលកិច្ចខិតខំត្រៀមលក្ខណៈទប់ទល់បាតុភូត El Niño ។
ឯកឧត្តម ហែម វណ្ណឌី បានជំរុញឱ្យក្រុមការងារនៃស្ថាប័នទាំងពីរ រៀបចំកិច្ចប្រជុំសម្របសម្រួលគម្រោង WISE លើកបន្ទាប់ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាបច្ចេកទេសដែលនៅសេសសល់ និងជំរុញការអនុវត្តគម្រោងឱ្យទៅមុខបានឆាប់រហ័ស។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី