2026-10-01
SME News
2026-10-01
SME News
ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញឱ្យប្រែក្លាយគោលនយោបាយ និងយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រារបស់កម្ពុជា ទៅជាការផ្លាស់ប្តូរជាក់ស្តែងនៅក្នុងរោងចក្រ ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងប្រតិបត្តិការអាជីវកម្ម។
ថ្លែងក្នុងពិធីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាលើកទី៣ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “សម្រាប់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សេដ្ឋកិច្ចចក្រាមិនមែនត្រឹមតែជាការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែក៏ពាក់ព័ន្ធផ្ទាល់ទៅនឹងរបៀបដែលយើងផលិត និងរបៀបដែលឧស្សាហកម្មកម្ពុជាអាចបង្កើនប្រសិទ្ធភាព ភាពធន់ និងសមត្ថភាពប្រកួតប្រជែងផងដែរ។”
កំណើនយ៉ាងឆាប់រហ័សនៃវិស័យឧស្សាហកម្ម កាន់តែបង្ហាញពីភាពចាំបាច់ក្នុងការជំរុញការអនុវត្តសេដ្ឋកិច្ចចក្រា។ គិតត្រឹមខែសីហា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រធុនធ្ងន់កំពុងដំណើរការចំនួន ៣.៣៨៦ កើនឡើង ៣០៣ រោងចក្រ បើធៀបនឹងចុងឆ្នាំ២០២៥។ រោងចក្រទាំងនេះផ្តល់ការងារប្រមាណ ១,៣៧ លានកន្លែង និងមានទុនវិនិយោគដែលបានចុះបញ្ជីសរុបជាង ២៨,៥ ពាន់លានដុល្លារអាម៉េរិក។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនឹងកាន់តែមានសារសំខាន់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច នៅចុងឆ្នាំ២០២៩ និងឈានចូលបរិយាកាសពាណិជ្ជកម្មអន្តរជាតិដែលមានការប្រកួតប្រជែង និងលក្ខខណ្ឌតម្រូវទីផ្សារកាន់តែខ្ពស់។
គំនិតផ្តួចផ្តើម ដូចជាពានរង្វាន់ឧស្សាហកម្មបៃតង បង្ហាញថា ផលិតកម្មស្អាត ការប្រើធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយសំណល់ អាចជួយសហគ្រាសឱ្យកាត់បន្ថយថ្លៃដើមផង និងលើកកម្ពស់ការអនុវត្តផ្នែកបរិស្ថានរបស់សហគ្រាសផង។
ពិធីបើកវេទិកាក៏មានការអញ្ជើញចូលរួមជាអធិបតីដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា។
វេទិការយៈពេលបីថ្ងៃនេះ រៀបចំឡើងដោយអង្គការ GIZ ក្រោមប្រធានបទ «សេដ្ឋកិច្ចចក្រានៅក្នុងការអនុវត្តជាក់ស្តែង៖ ពីគោលនយោបាយ ឆ្ពោះទៅកាន់វឌ្ឍនភាព»។ វេទិកាបានប្រមូលផ្តុំស្ថាប័នរដ្ឋ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល ដើម្បីពិភាក្សាអំពីកសិកម្មចក្រា និងជីវសេដ្ឋកិច្ច ប្រព័ន្ធប្រើប្រាស់ឡើងវិញ ការទទួលខុសត្រូវបន្ថែមរបស់អ្នកផលិត ការគ្រប់គ្រងសំណល់ ចក្រាភាពវិស័យវាយនភណ្ឌ ជំនាញបៃតង និងនវានុវត្តន៍។ ខ្លឹមសារ ផ្តល់ដោយ៖ MISTI
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


2024-11-29
ដេប៉ាលីយែរ ម៉ារីលីណាតើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី