SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារចំនួន ៣ក្រុម 


កម្មវិធី «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ រកឃើញក្រុមនិស្សិតជ័យលាភីនវានុវត្តន៍ផលិតផលអាហារចំនួន ៣ក្រុម 
A+ A-

ភ្នំពេញ៖ កម្មវិធីប្រកួតប្រជែង និងប្រគល់ពានរង្វាន់ «មគ្គទេសក៍សហគ្រិនខ្មែរ វគ្គកែច្នៃចំណីអាហារ» រដូវកាលទី៣ បានបិទបញ្ចប់ដោយជោគជ័យនៅសាកលវិទ្យាល័យជាតិបាត់ដំបង ដោយរកឃើញក្រុមនិស្សិតជ័យលាភីចំនួន ៣ក្រុម ដែលបានកែច្នៃផលិតផលចំណីអាហារប្រកបដោយភាពច្នៃប្រឌិត ដើម្បីត្រៀមឈានចូលទីផ្សារ។ ក្រុមនិស្សិតជ័យលាភីចំនួន៣ ក្រុមនោះ រួមមាន ១.ក្រុមម្លិះកកូរ ដែលផលិតបាយសម្លកកូររហ័ស, ២.ក្រុម រតនៈ ផលិតទឹកពោតសុខភាព និង៣.ក្រុមកាកាវ ផលិតប្រេងកាកាវចំអិនអាហារ ដែលជ័យលាភីទាំង៣ ក្រុមនេះ ក៏ទទួលបានមូលនិធិបឋម ដើម្បីអភិវឌ្ឍអាជីវកម្មចំនួន ២០លានរៀលសម្រាប់ក្រុមនីមួយៗ។

ក្នុងកម្មវិធីនេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា កម្មវិធីនេះ គឺបង្ហាញអំពីនវានុវត្តន៍អាចចាប់ផ្តើមនៅក្នុងថ្នាក់រៀន និងអាចបន្តអភិវឌ្ឍន៍ចូលទីផ្សារ។ លទ្ធផលដែលទទួលបាន គឺមិនមែនគ្រាន់តែជាគម្រោង​របស់ក្រុមនិស្សិតធម្មតាទេ ប៉ុន្តែជាផលិតផលបឋមដែលមានសក្តានុពលពាណិជ្ជកម្មពិតប្រាកដ។ នេះជាទិសដៅសម្រាប់កម្ពុជា ដើម្បីបណ្តុះសហគ្រិនដែលអាចបង្កើតតម្លៃបន្ថែម អភិវឌ្ឍន៍ផលិត​ផលដែលមានភាពប្រកួតប្រជែង និងពង្រឹងមូលដ្ឋានទីផ្សាររបស់យើងក្នុងតំបន់ និងពិភពលោក។

ជាមួយគ្នានេះ ឯកឧត្តម សុខ ខន សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានបញ្ជាក់ថា ការប្រកួត​ប្រជែងកែច្នៃចំណីអាហារនេះ ជាការលើកទឹកចិត្តសម្រាប់ការបង្កើតគំនិតផលិតផលថ្មីៗ ជាជម្រើសសម្រាប់សកម្មភាពពាណិជ្ជកម្ម ដោយមានគោលដៅលើកកម្ពស់ផលិតភាព និងភាពចម្រុះនៃសហគមន៍​ចំណីអាហារកម្ពុជា។ កម្មវិធីនេះ ក៏បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំជំនាញកែច្នៃចំណីអាហារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជំនាញក្នុងទីផ្សារការងារ។

លោក Suyoung Chang តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានបន្ថែមថា សហគ្រិនវ័យក្មេងដែលបានប្រកួតប្រជែងនេះ បានរចនាគម្រោងអាជីវកម្មរបស់ពួកគេ ជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ីកសិ-ឧស្សាហកម្មរួមមួយ មិនមែនគ្រាន់តែជាការស្វែងរកប្រាក់ចំណេញផ្ទាល់ខ្លួនទេ។ គួរបញ្ជាក់ថា កម្មវិធីរដូវកាលទី៣នេះ បានសម្រាំងក្រុមនិស្សិតចំនួន១០ ក្រុម ដែលមានសមាជិកសរុប ៣៩ នាក់ សម្រាប់​ចូលរួមវគ្គបណ្តុះបណ្តាលរយៈពេល ១៦ សប្តាហ៍ រួមទាំងការអភិវឌ្ឍផលិតផល ការរៀបចំផលិត​ផលគំរូ ទស្សនកិច្ចទៅកាន់សហគ្រាសកែច្នៃចំណីអាហារ និងការសាកល្បងទីផ្សារតាមរយៈមតិយោបល់ពីអ្នកប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍផលិតផលអាហាររបស់ខ្លួន សម្រាប់ការប្រកួតប្រជែងក្នុងវគ្គផ្តាច់ព្រ័ត្រនេះ។ ចំពោះ ផលិតផលអាហារចំនួន១០ ដែលត្រូវបានបង្កើតឡើងដោយក្រុមនិស្សិតរួមមាន ប្រេងកាកាវ បាយសម្ងួត បាយសម្លកកូរ សាច់ក្រកហតដក ភេសជ្ជៈល្ហុង ប្រេងចង្រិត ទឹកពោតសុខភាព តែសុខភាពស្ដ្រី ម្សៅទឹកដោះ សណ្ដែកខ្មៅ និងមីដំឡូងជ្វា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី