2025-11-03
ឃី ភារៈ
2025-11-03
ឃី ភារៈ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បំពេញទស្សនកិច្ចនៅក្រុមហ៊ុនផលិតគ្រឿងបង្គុំសំលៀកបំពាក់(រ៉ូត) ដ៏ល្បីល្បាញលើពិភពលោក YKK Canada Inc. ដើម្បីទាក់ទាញក្រុមហ៊ុនដ៏ល្បីមួយនេះ ពិនិត្យលទ្ធភាព និងសិក្សាឱកាសពង្រីកមូលដ្ឋានផលិតកម្មរបស់ខ្លួននៅកម្ពុជា នឹងឈានទៅដល់ការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរ ដែលជាវិស័យធំមួយនៅកម្ពុជា។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅក្រុមហ៊ុនខាងលើ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជួបពិភាក្សាការងារជាមួយ លោក Hugues Charbonneau ជាប្រធានក្រុមហ៊ុន YKK Canada Inc. ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ពីសក្តានុពលឧស្សាហកម្មវាយនភ័ណ្ឌកម្ពុជា ដែលឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរ ដែលជាបច្ច័យនាំឱ្យមានតម្រូវការខ្ពស់ ចំពោះគ្រឿងបង្គុំដែលមានគុណភាពរូចជា រ៉ូត, ឡេវ ជាដើម។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការវិនិយោគរបស់ក្រុមហ៊ុន YKK នៅកម្ពុជានឹងមិនត្រឹមតែបំពេញតម្រូវការក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងទីផ្សារនាំចេញសំលៀកបំពាក់ជាសកលផងដែរ។ ឯកឧត្តម ក៏បានគូសបញ្ជាក់អំពីច្បាប់វិនិយោគ ដែលផ្តល់ការលើកទឹកចិត្តជាច្រើនដល់ក្រុមហ៊ុនផលិតគ្រឿងបន្លាស់ និងវត្ថុធាតុដើម (Backward Linkage) ដើម្បីមកបណ្តាក់ទុននៅកម្ពុជា។
ជាមួយគ្នានេះ លោក Hugues Charbonneau បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះព័ត៌មានលម្អិតដែលបានផ្តល់ជូន និងបានកោតសរសើរចំពោះការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបញ្ជាក់ថា YKK Canada តែងតែស្វែងរកឱកាសពង្រីកប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់ដែលមានសក្តានុពល និងបានបង្ហាញឆន្ទៈក្នុងការជំរុញឱ្យមានការពិនិត្យនិងសិក្សាស៊ីជម្រៅ អំពីលទ្ធភាពនៃការវិនិយោគលើរោងចក្រផលិតគ្រឿងបន្លាស់រ៉ូត និងផលិតផលផ្សេងទៀតរបស់ខ្លួននៅកម្ពុជានាពេលខាងមុខ។
គួរបញ្ជាក់ថា ដំណើរបំពេញទស្សនកិច្ចនៅក្រុមហ៊ុន YKK Canada Inc. កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, សមាគមឧកញ៉ាកម្ពុជា និងស្ថានអគ្គកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំក្រុងម៉ុងត្រេអាល់។ នេះបើយោងតាមហ្វេសប៊ុក ឯកឧត្តម ស៊ុន ចាន់ថុល៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី