2023-09-09
SME News
2023-09-09
SME News
ភ្នំពេញ៖ គម្រោង«ការទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យម (ភូមិ១ផលិតផល១)» រៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក ពីថ្ងៃទី០៨-១០ ខែកញ្ញា ឆ្នាំ២០២៣ នៅផ្សារទំនើបប៊ីកស៊ី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វេទិកាដែលរៀបចំដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ សហគ្រិនខ្មែរ និងអង្គការអុកស្វាម និងសហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ និងផ្សារទំនើបប៊ីកស៊ី នេះ បង្កើតឱកាសទីផ្សារសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកផលិតក្នុងស្រុក ដើម្បីជួបអ្នកទិញសក្តានុពល និងចូលរួមក្នុងការពិភាក្សាប្រកបដោយផ្លែផ្កា លើលក្ខខណ្ឌផ្គត់ផ្គង់ និងតម្រូវការផ្សេងៗ។ វេទិកានេះ ក៏រួមបញ្ចូលការតាំងផលិតផល ដែលចូលរួមចំណែកក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអោយកាន់តែទូលាយផងដែរ។
ឯកឧត្តមបណ្ឌិត សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដឹកនាំគំនិតផ្តួចផ្តើមឱ្យមានជំនួបរវាងអ្នកផលិត និងអ្នកទិញ នេះ ចូលរួមកាត់បន្ថយគម្លាតរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញសក្តានុពល ប្រកបដោយប្រសិទ្ធភាព និងសុចរិតភាព។ យន្តការនេះ បានតភ្ជាប់បណ្តាញប្រទាក់ក្រឡាគ្នាពីអ្នកផ្គត់ផ្គង់វត្ថុធាតុដើម អ្នកកែច្នៃវេច ខ្ចប់ អ្នកប្រមូលផ្ដុំផលិតផល (ពីកសិដ្ឋានរហូតដល់តុបាយ ពីសិប្បកររហូតដល់អ្នកប្រើប្រាស់) និងជំរុញឱកាសពាណិជ្ជកម្មដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៃខេត្តបន្ទាយមានជ័យ និងប្រទេសកម្ពុជាទាំងមូល ព្រមទាំងបង្កើនកម្រិតជីវភាពរបស់សហគមន៍ផងដែរ។
នៅក្នុងវេទិកា«ផ្គូផ្គងរវាងអ្នកផលិតនិងអ្នកទិញ និងការតាំងបង្ហាញផលិតផលក្នុងស្រុក» ឯកឧត្តមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានមានប្រសាសន៍ថា សន្ទុះនៃការគាំទ្រ និងការយល់ដឹងពីផលិតផលក្នុងស្រុកបច្ចុប្បន្ន មានការរីកចម្រើនគួរឱ្យកត់សំគាល់ ប៉ុន្តែ គួរមានការផ្សព្វផ្សាយ និងស្វែងរកទីផ្សារបន្ថែម។ ការណ៍នេះហើយដែលសហគ្រិនខ្មែរ សហការជាមួយគណៈកម្មាធិការជាតិ ចលនាភូមិមួយផលិតផលមួយ ក្នុងការបង្កើតវេទិកាផ្គូផ្គងរវាងអ្នកផលិតក្នុងស្រុក និងអ្នកទិញនេះឡើង ដើម្បីបង្កើនការលក់ ក៏ដូចជាផ្សព្វផ្សាយផលិតផលក្នុងស្រុក។
ចំពោះ នាយិកាអង្គការអុកស្វាម លោកស្រី ភាណ សោភ័ណ បានឱ្យដឹងផងដែរថា ក្នុងភាពជាដៃគូសហការជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគាំទ្រឱ្យមានវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញក្នុងស្រុក នេះ ជាការបង្កើតឱកាសដល់អ្នកផលិតក្នុងស្រុក និងសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា ក្នុងការទទួលបានទីផ្សារ បង្កើនប្រាក់ចំណូល និងរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ស្របពេលដែលកំណើននេះនឹងជួយរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅប្រទេសកម្ពុជា។
គម្រោងនេះ ត្រូវបានផ្តួចផ្តើមដោយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងអង្គការអុកស្វាម តាំងពីឆ្នាំ២០២២។ ក្នុងឆ្នាំ២០២៣នេះ គម្រោងទទួលបានដៃគូសហការថ្មី គឺសហគ្រិនខ្មែរ ដើម្បីសហការគាំទ្រ និងពង្រឹងលទ្ធភាពទទួលបានទីផ្សារសម្រាប់អ្នកផលិតក្នុងស្រុក និងពង្រីកការគាំទ្រនេះទៅកាន់បណ្តាខេត្ត-ក្រុង ផ្សេងៗទៀត។ នៅឆ្នាំ២០២៣ដដែល គម្រោងនឹងរៀបចំវេទិកានេះនៅក្នុង១៥ខេត្ត-ក្រុង ដែលរួមមាន៖ សៀមរាប កំពង់ឆ្នាំង បាត់ដំបង បន្ទាយមានជ័យ កំពង់ចាម ឧត្តរមានជ័យ កណ្តាល កំពត កោះកុង ពោធិ៍សាត់ កំពង់ធំ ត្បូងឃ្មុំ ស្ទឹងត្រែង កំពង់ស្ពឺ និងស្វាយរៀង៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី