2025-08-14
ឃី ភារៈ
2025-08-14
ឃី ភារៈ
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ និងស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី ដែលជាហេដ្ឋារចនាសម្ព័ន្ធ សំខាន់ថ្មីមួយទៀតក្នុងការផ្គត់ផ្គង់ទឹកស្អាត សម្រាប់តំបន់ភាគខាងត្បូងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥។
រោងចក្រប្រព្រឹត្តកម្មទឹកស្អាតតាខ្មៅ គឺជាគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុន ក្រោមគំរូវិនិយោគជា «ក្រុមហ៊ុនមានកម្មវត្ថុពិសេស» ដែលមានសមត្ថភាពផលិតទឹកស្អាតបាន ៣០ ០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលនឹងជួយបន្ថែមសមត្ថភាពផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឱ្យដល់ជាង ១ លានម៉ែត្រគូបក្នុងមួយថ្ងៃ។ ចំពោះ ស្ថានីយ៍បូមទឹកឆៅកោះនរាថ្មី គឺជាគម្រោងអនុវត្តកិច្ចសន្យារវាងក្រុមហ៊ុន OCIC និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដើម្បីស្តារផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ស្ថានីយ៍បូមទឹកឆៅថ្មីនេះ មានតម្លៃ ២៨លានដុល្លារ ដែលមានសមត្ថភាពបូមទឹកឆៅបាន ៤៦០ ០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។
ក្នុងពិធីសម្ពោធនេះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា សមិទ្ធផលទាំងពីរនេះ នឹងបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ និងជាការរួមចំណែកសម្រេចគោលដៅ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០។ ហេដ្ឋារចនាសម្ព័ន្ធនេះ ក៏នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងការផ្គត់ផ្គង់ទឹកស្អាតស្របតាមស្តង់ដារគុណភាព មានសុវត្ថិភាព និរន្តរភាព និងថ្លៃសមរម្យ ជូនប្រជាជនក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ។
ជាមួយគ្នានេះ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានលើកឡើងថា គម្រោងនេះឆ្លុះបញ្ចាំងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងជប៉ុន និងកម្ពុជា ក្នុងនោះជប៉ុនបានបន្តគាំទ្រវិស័យទឹកនៅកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ និងបានរួមចំណែកបង្កើត «អព្ភូតហេតុទីក្រុងភ្នំពេញ» ក្នុងសេវាកម្មផ្គត់ផ្គង់ទឹកស្អាត ដែលអព្ភូតហេតុនេះត្រូវបានពង្រីកទៅកាន់ទីក្រុង និងខេត្តជាច្រើនផ្សេងទៀត។
ពិធីសម្ពោធសមិទ្ធផលថ្មីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ គួរបញ្ជាក់ថា បរិមាណនៃការផ្គត់ផ្គង់ទឹកស្អាតទូទាំងប្រទេសបានកើនឡើង ៧២% ពីប្រមាណ ៣០៩ លានម៉ែត្រគូបក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ៥៣០ លានម៉ែត្រគូបក្នុងឆ្នាំ២០២៤។ ក្នុងនោះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានរួមចំណែកផលិតប្រមាណ ៥៩% នៅក្នុងឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី