2025-07-29
គន ម៉េងហុង
2025-07-29
គន ម៉េងហុង
ភ្នំពេញ៖ ក្រសួងបរិស្ថាន ត្រៀមខ្លួនសហការយ៉ាងជិតស្និទ្ធជាមួយ UNESCO និងដៃគូពាក់ព័ន្ធ ដើម្បីពន្លឿនការអនុវត្តគម្រោង(Cambodia - Mekong River Delta Aquifer) CMDA ដោយផ្តោតលើការធ្វើផែនទី និងវាយតម្លៃអត្រាថយចុះនៃធនធានទឹកក្រោមដី ធានានិរន្តរភាពទឹកនៅកម្ពុជាសម្រាប់ពេលអនាគត។ នេះបើតាមការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក Sardar Umar Alam ប្រធានប្រចាំប្រទេសអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់អំពីការបង្កើតតំបន់អភិរក្សជីវមណ្ឌល និងឧទ្យានភូគព្ភសាស្ត្រថ្មីៗនៅកម្ពុជា ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជូនជាគំនិតពិចារណាលើការដាក់បញ្ចូល កោះស្រឡៅ ដែលជាកោះសក្តានុពលមួយ ឱ្យក្លាយជាកោះអាព្យាក្រឹតកាបូន និងគ្មានសំរាមប្លាស្ទិកដំបូងគេបង្អស់នៅកម្ពុជា។
ទន្ទឹមនេះ លោក Sardar Umar Alam ក៏បានលើកឡើងអំពីលទ្ធផលនៃកិច្ចប្រជុំ CMDA RPSC លើកទី២ ព្រមទាំងកិច្ចសហប្រតិបត្តិការបន្តនៃគម្រោង CMDA ដែលផ្តោតលើការគ្រប់គ្រងប្រកបដោយនិរន្តរភាពនូវប្រភពទឹកក្រោមដីរួមគ្នារវាងកម្ពុជា និងវៀតណាម នៅក្នុងតំបន់ដីសណ្ដទន្លេមេគង្គ។ គម្រោងនេះ មានគោលបំណងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងជលប្រភពក្រោមដី តាមរយៈការពង្រឹងការបំពេញបន្ថែមទឹកក្រោមដីឆ្លងដែន និងការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីយុទ្ធសាស្ត្រចិញ្ចឹមឃ្មុំជាតិ ដែលមានគោលដៅជំរុញការផលិតទឹកឃ្មុំក្នុងស្រុក និងការលើកកម្ពស់ជីវភាពសហគមន៍ ជាពិសេសនៅក្នុងតំបន់ការពារ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់លើការផលិតជាចម្បង និងការធ្វើឱ្យសហគមន៍មានភាពជាម្ចាស់លើផលិតផលទាំងនោះ ដើម្បីធានាបាននូវនិរន្តរភាព និងគុណភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី