2024-01-18
ទូច សូរិយា
2024-01-18
ទូច សូរិយា
ភ្នំពេញ៖ ក្រុមហ៊ុន TotalEnergies មានបំណងវិនិយោគលើថាមពលកកើតឡើងនៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នៃដំណើរទស្សនកិច្ចផ្លូវការ កាលពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។
តាមការចុះផ្សាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ លោក Patrick POUYANNÉ បានឱ្យដឹងអំពីភាពរីកចម្រើន នៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ក្រុមហ៊ុនបន្ថែមទៀតនៅកម្ពុជា។ លោក Patrick POUYANNÉ បានបន្ថែមថា ក្រុមហ៊ុន TotalEnergies គឺជាក្រុមហ៊ុនដែលមានភាពល្បីល្បាញលើវិស័យប្រេង និងឧស្ម័ន ហើយក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពលអគ្គីសនីផងដែរ។
ក្នុងជំនួបនេះ លោកប្រធាន និងនាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies បានបង្ហាញអំពីបំណងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយសារបច្ចុប្បន្នក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយការជោគជ័យនៃគម្រោងនេះ នឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែម។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កម្ពុជាមានគោលនយោបាយច្បាស់លាស់ ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចធិបតី បង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការលើការវិនិយោគ នៃការតភ្ជាប់បណ្តាញចរន្តអគ្គីសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ផងដែរ។ សម្ដេចធិបតី ក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុនបន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងរ៉ែ និងថាមពល៕
នាំមកជូនដោយ