2025-05-09
គិត បុប្ផា
2025-05-09
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា ប្តេជ្ញាចិត្តពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ព្រមទាំងជំរុញការអនុវត្តច្បាប់ស្តីពី វិធានដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.)។
ក្នុងកិច្ចពិភាក្សាជាមួយ គណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខសហរដ្ឋអាម៉េរិក-ចិន (The U.S.-China Economic and Security Review Commission – USCC) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល លើកឡើងពីការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពី វិធានការសម្រាប់បង្ការនិងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ឯកឧត្តម ស៊ុន ចាន់ថុល ក៏មានប្រសាសន៍ពីការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារអាម៉េរិក ដែលទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បន្តថា កម្ពុជា កំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ លើកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក ដែលមានជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយភាគីតំណាងពាណិជ្ជកម្មអាម៉េរិក (United States Trade Representative – USTR) ចំនួន ២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។
គណៈប្រតិភូ USCC បានបញ្ជាក់ថា បេសកកម្មរបស់ USCC ដែលជាទីភ្នាក់ងារឯករាជ្យមួយ នៃសាខានីតិបញ្ញត្តិរបស់អាម៉េរិក ទទួលបន្ទុកលើការត្រួតពិនិត្យ ស៊ើបអង្កេត និងរាយការណ៍ទៅអាម៉េរិកអំពីកិច្ចការនានា ពាក់ព័ន្ធនឹងសន្តិសុខនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងអាម៉េរិក និងចិន។ ភ្ជាប់ជាមួយនឹងការកត់សម្គាល់អំពីការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម គណៈប្រតិភូ USCC ក៏បានលើកឡើងអំពីប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន (Transshipment) ដែលជាហេតុនាំឱ្យដើមកំណើតទំនិញមួយចំនួន មានការកែប្រែមុននឹងមានការនាំចេញទៅកាន់ទីផ្សារអាម៉េរិកផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី