2025-04-22
គិត បុប្ផា
2025-04-22
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក (RMA Cambodia) ពិនិត្យ និងពង្រីកស្ថានីយ៍សាកថ្មរថយន្តអគ្គិសនី ដើម្បីលើកកម្ពស់ការប្រើប្រាស់ បង្កភាពងាយស្រួល និងបន្ថែមជម្រើសដល់ពលរដ្ឋ ដែលប្រើប្រាស់រថយន្តអគ្គិសនី អាចសាកថ្ម និងប្រើប្រាស់បានស្របតាមតម្រូវការ។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការខ្សែច្រវាក់ផលិតកម្មថ្មី និងរោងចក្រដំឡើងគ្រឿងបង្គុំរថយន្ត Ford នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក ខេត្តពោធិ៍សាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឱ្យក្រុមហ៊ុន ឱ្យជំរុញការផលិតគ្រឿងបង្គំក្នុងស្រុក ដែលកម្ពុជា អាចមានលទ្ធភាព និងសមត្ថភាពផលិតជាមួយគុណភាពល្អ និងភាពទុកចិត្តបាន ដើម្បីកាត់បន្ថយការនាំចូលពីខាងក្រៅ ដែលនឹងបង្កើតបាន «ភាពធន់ និងធនធានមនុស្សរយៈពេលវែង»។
ក្នុងព្រឹត្តិការណ៍ ដែលធ្វើឡើង នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតីនាយករដ្ឋមន្រ្តី បន្ថែមថា កម្ពុជា ពីមុនជាប្រទេស ដែលនាំចូលស្ទើរទាំងស្រុង តែបច្ចុប្បន្ន បានប្រែក្លាយជាប្រទេសអាចផលិតក្នុងស្រុក ហើយនាំចេញទៅក្រៅប្រទេសមកពីគ្រប់ម្ចាស់ផលិតកម្មនៃបណ្តាប្រទេស និងក្រុមហ៊ុនល្បឺៗ ដូចជាសហរដ្ឋអាម៉េរិក ចិន ជប៉ុន និងកូរ៉េ ជាដើម។
ខេត្តពោធិ៍សាត់ និងកំពង់ឆ្នាំង កាលដើមជាខេត្តទៅហួស មកហួស ហើយសកម្មភាពសេដ្ឋកិច្ច ក៏មិនសូវមាន តែបច្ចុប្បន្ន បានក្លាយជាគោលដៅនៃការវិនិយោគ និងផ្តល់ការងារដល់ប្រជាជន និងជំរុញសេដ្ឋកិច្ចជាតិ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងថា ត្រឹមរយៈពេល ៣ឆ្នាំចុងក្រោយ បុគ្គលិកក្នុងក្រុមហ៊ុន Ford មានត្រឹមជិត ២០០នាក់ កើនដល់ជាង ៤០០នាក់ ហើយប្រាក់បៀវត្សក៏មានការកើនឡើងផងដែរ ដោយឆ្នាំ២០២២ មានរោងចក្រជាង៣០០ បង្កើតការងារបានជិត ១ម៉ឺននាក់ តែបច្ចុប្បន្ន មានរោងចក្រជាង ៤០០ បង្កើតការងារបានជាង ១,៥ម៉ឺននាក់។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីអត្ថប្រយោជន៍ ដែលកម្ពុជា ទទួលបានអំពីការវិនិយោគរបស់ក្រុមក្នុងស្រុក រួមមាន៖ បង្កើតការងារ លើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចប្រជាពលរដ្ឋ និងការបង្កលក្ខណៈ បន្ធូរបន្ថយពន្ធ។ ការផលិតក្នុងស្រុក ជួយឱ្យពលរដ្ឋ មានលទ្ធភាពទិញរថយន្ត ដែលផលិតនៅកម្ពុជា ជាមួយគុណភាពខ្ពស់ និងតម្លៃសមរម្យ។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តពីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានថ្នាក់ជាតិ ខេត្ត ដែលត្រូវធានាការដោះស្រាយបញ្ហាផ្សេងៗជូនវិនិយោគិន ឱ្យបន្តវិនិយោគយូរអង្វែង ពិសេសអាចទុកចិត្តយើង និងពង្រីកសេវាកម្មនៅកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី