2023-09-04
SME News
2023-09-04
SME News
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំលើកទី៣ ស្តីអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤។
នៅក្នុងកិច្ចប្រជុំលើកទី៣ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានវត្តមានឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈចូលរួមផងនោះ ជាតំណាងភាគីរាជរដ្ឋាភិបាលក្នុងការសម្របសម្រួល និងផ្តល់នូវការពន្យល់បន្ថែមលើចំណុចនានា ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជកមានចម្ងល់។ ក្នុងកិច្ចប្រជុំនោះភាគីទាំងមិនទាន់បានឯកភាពគ្នាអំពីតួលេខប្រាក់ឈ្នួលនៅឡើយទេ ខណៈតំណាងភាគីកម្មករនិយោជិត បានបង្ហាញតួលេខចំនួន ២១៥ដុល្លារអាមេរិក ចំណែកតំណាងភាគីនិយោជិតបានលើកឡើងនូវតួលេខត្រឹម ២០១ដុល្លារអាមេរិកប៉ុណ្ណោះ។
ក្រោយជំនួបមិនទាន់បានលទ្ធផលព្រមព្រៀងគ្នានេះ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តជាលើកទី៤ ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣បន្តទៀត។ ការប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៤ នឹងឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ តាមការអនុសាសន៍ណែនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៕
នាំមកជូនដោយ