2025-04-13
ទូច សូរិយា
2025-04-13
ទូច សូរិយា
ភ្នំពេញ៖ រយៈពេល ៣ខែ នៃឆ្នាំ២០២៥ កម្ពុជា សម្រចការនាំចេញ-នាំចូលជាមួយទីផ្សារអន្តរជាតិបានជាង ១៤,៤៤ពាន់លានដុល្លារ ដែលមានការកើនឡើង ១៥,៦% បើធៀបនឹងរយៈពេល ៣ខែ ក្នុងឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចេញផ្សាយនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥។
អគ្គនាយកដ្ឋានគយ បានឱ្យដឹងថា ក្នុងរយៈពេល ៣ខែ ដោយចាប់ពីខែមករា ដល់ ខែមីនា កម្ពុជា សម្រេចបានការនាំទំនិញចេញជាង ៦,៨៧ពាន់លានដុល្លារ ទៅកាន់ទីផ្សារអន្តរជាតិ មានការកើនឡើងជិត ១០% ខណៈដែលការនាំទំនិញចូលវិញ មានចំនួន ៧,៥៧ពាន់លានដុល្លារ មានការកើន ២១,៥% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ប្រទេសដែលកម្ពុជា បាននាំចេញ និងនាំចូលទំនិញច្រើនជាងគេ រួមមាន៖ ប្រទេសចិន សម្រេចបានជាង ៤,០៦ពាន់លានដុល្លារ, សហរដ្ឋអាម៉េរិក សម្រេចបានទំហំពាណិជ្ជកម្មជាង ២,៥០ពាន់លានដុល្លារ, ប្រទេសវៀតណាម សម្រេចបានជាង ២,៣៤ពាន់លានដុល្លារ, ប្រទេសថៃ កម្ពុជាសម្រេចបានជាង ១,១៤ពាន់លានដុល្លារ និងមានប្រទេសជាច្រើនផ្សេងទៀតផងដែរ។
ចំពោះ ទំនិញដែលកម្ពុជានាំចេញមានដូចជា៖ សម្លៀកបំពាក់ គ្រឿងបន្ទាប់បន្សំដែលធ្វើពីក្រណាត់ ធញ្ញជាតិ ឈើ និងវត្ថុធ្វើពីឈើ ធ្យូងឈើ បន្លែដែលអាចបរិភោគបាន ស្បែកជើង ស្រោមជើង និងផលិតផលផ្សេងៗទៀត។ ចំណែក ទំនិញ ដែលកម្ពុជានាំចូលវិញ រួមមាន៖ រ៉ែប្រើជាគ្រឿងចំហេះ ប្រេងខនិជ ផលិតផលពីការចម្រាញ់ ផលិតផលពីការចាក់ដោយម្ជុល កប្បាស ដែក និងផលិតផលមួយចំនួនផ្សេងទៀតផងដែរ៕
នាំមកជូនដោយ