2023-11-25
គិត បុប្ផា
2023-11-25
គិត បុប្ផា
ភ្នំពេញ៖ ទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ(USAID) បានផ្តល់ជំនួយ ៣៥លានដុល្លា សម្រាប់អនុវត្តក្នុងគម្រោងថ្មីមួយដែលមានឈ្មោះ«គម្រោងលើកកម្ពស់គុណភាពសេវាថែទាំសុខភាពជំហានទី២ (EQHA II)» សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីបន្តគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពសេវាសុខាភិបាលសាធារណៈ និងឯកជនសម្រាប់ប្រជាជនកម្ពុជា។
លោកស្រី Kerry Pelzman នាយិកាបេសកកម្មរបស់ USAID ប្រចាំប្រទេសកម្ពុជា បានថ្លែងក្នុងសេចក្តីប្រកាសនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ថា៖ «USAID កំពុងបន្តការប្តេជ្ញាចិត្តដ៏យូរអង្វែង ចំពោះប្រជាជនកម្ពុជា តាមរយៈការគាំទ្រដល់ប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា រួមទាំងអ្នកផ្តល់សេវាសុខាភិបាលផ្នែកសាធារណៈ និងឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល។ ការងារនេះមានសារសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការបន្តឱ្យមានភាពរីកចម្រើន នៃវិស័យសុខភាពសាធារណៈ ដែលសម្រេចបានរយៈពេលមួយទសវត្សកន្លងមកនេះ»។
តាមរយៈគម្រោង EQHA II នេះ នឹងគាំទ្រប្រទេសកម្ពុជាក្នុងការជំរុញ ពន្លឿនវឌ្ឍនភាព និងនិរន្ដរភាព ដោយដោះស្រាយបញ្ហាប្រឈមសុខភាពសាធារណៈអាទិភាពរួមមាន ការកាត់បន្ថយករណីឆ្លងថ្មីជំងឺអេដស៍, របេង, កាត់បន្ថយមរណភាពមាតា-ទារក, លើកកម្ពស់សុខភាពបន្តពូជ, ពង្រឹងការត្រៀមខ្លួន និងឆ្លើយតបទៅនឹងការគំរាមកំហែងនៃជំងឺឆ្លងថ្មី។ លើសពីនេះ វិស័យសំខាន់ៗដែលគម្រោងនេះ ត្រូវផ្តោតរួមមាន ការធ្វើឱ្យប្រសើរឡើងនូវសមាហរណកម្មសេវាសុខភាពសាធារណៈ ដើម្បីបង្កើនប្រសិទ្ធភាព, ប្រសិទ្ធផល, លើកកម្ពស់ប្រព័ន្ធនិយ័តកម្ម, ការទទួលស្គាល់គុណភាព និងការពង្រឹងសមត្ថភាពស្ថាប័នរបស់ប្រព័ន្ធសុខាភិបាល ដើម្បីដោះស្រាយបញ្ហាអាទិភាពសុខភាពជាតិនានា។
បើតាម USAID គម្រោង EQHA II ដែលមានតម្លៃ៣៥លានដុល្លារនេះ នឹងត្រូវអនុវត្តដោយអង្គការ FHI 360 ដែលជាអង្គការអន្តរជាតិ សហការជាមួយប្រទេសកម្ពុជា និងជាដៃគូធ្វើការជាមួយ USAID នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជាង ២៥ឆ្នាំមកហើយ។ គម្រោង EQHA II ត្រូវបានបង្កើតឡើងដោយផ្អែកលើភាពជោគជ័យ ដែលសម្រេចបានតាមរយៈគម្រោង ជំហានទី១ (EQHA) ត្រូវបានអនុវត្ត រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០១៨ ដល់២០២៣ ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលជាតិ ដើម្បីលើកកម្ពស់ការទទួលបានអាជ្ញាប័ណ្ណ និងការទទួលស្គាល់គុណភាព ដែលនាំឱ្យមានការកែលម្អនូវគណនេយ្យភាពរបស់អ្នកផ្តល់សេវាសុខាភិបាលនៅទូទាំងប្រទេសកម្ពុជា៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី