2024-12-10
ឃី ភារៈ
2024-12-10
ឃី ភារៈ
ភ្នំពេញ៖ បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ ប្រធានទីប្រឹក្សាបច្ចេកទេសអង្គការ UNIDO បានលើកឡើងថា «ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា(CPC)» គឺជាការឆ្លើយតបជាយុទ្ធសាស្រ្តចំពោះបញ្ហាប្រឈមផ្សេងៗ ផ្តល់នូវដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនិងនិរន្តរភាពរបស់អាជីវកម្មម្ហូបអាហារនៅក្នុងស្រុក។
ជាមួយគ្នានេះ បណ្ឌិត សេតធី ស៊ីថារ៉ាម៉ា ថមប្លាធូ បានបន្តថា មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជានេះ នឹងក្លាយទៅជាធនធានគម្រូ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីលើកស្ទួយភាពប្រកួតប្រជែងរបស់វិស័យកសិកម្ម និងឧស្សាហកម្មម្ហូបអាហារកម្ពុជាទាំងនៅទីផ្សារក្នុងស្រុក និងពិភពលោកផងដែរ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា ឯកឧត្តម សាស្ត្រាចារ្យ បណ្ឌិត ប៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម លើកឡើងដូច្នេះថា៖ «បន្ថែមពីលើការផ្តល់គាំទ្រដល់សហគ្រាសក្នុងស្រុក មជ្ឈមណ្ឌលនឹងផ្តល់ឱកាសសិក្សាស្រាវជ្រាវបានកាន់តែប្រសើរដល់និស្សិត និងអ្នកស្រាវជ្រាវរបស់សាកលវិទ្យាល័យផងដែរ»។
មជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា(CPC) ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីផ្តល់នូវដំណោះស្រាយផ្នែកវេចខ្ចប់បែបនវានុវត្តន៍និងនិរន្តរភាព លើកកម្ពស់សន្តិសុខស្បៀង កាត់បន្ថយកាកសំណល់ ឆ្លើយតបទៅនឹងបញ្ហាប្រឈមសំខាន់ៗដែលក្រុមហ៊ុន សហគ្រាសកែច្នៃម្ហូបអាហារនៅក្នុងវិស័យឯកជនជួបប្រទះ រួមមានកាកសំណល់ម្ហូបអាហារ និងការបាត់បង់ក្នុងដំណើរការកែច្នៃ និងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ។ លើសពីនេះ មជ្ឈមណ្ឌលនេះ នឹងសម្រួលដល់ការផ្លាស់ប្តូរចំណេះដឹង តាមរយៈកិច្ចសហការជាមួយស្ថាប័ន ជំនាញផ្នែកវេចខ្ចប់អន្តរជាតិ រួមទាំងសហភាពអឺរ៉ុបនិងអង្គការវេចខ្ចប់ពិភពលោក (WPO) ដើម្បីជួយអភិវឌ្ឍន៍ជំនាញវេចខ្ចប់ នៅក្នុងវិស័យកែច្នៃម្ហូបអាហាររបស់កម្ពុជា។
គួរបញ្ជាក់ថាមជ្ឈមណ្ឌលអភិវឌ្ឍន៍ការវេចខ្ចប់កម្ពុជា(CPC) នេះជាសមិទ្ធផលនៃថ្នាលស្រាវជ្រាវ នវានុវត្តន៍ និងបច្ចេកវិទ្យាម្ហូបអាហារ (FTRIP) ដែលបង្កើតឡើងដោយគម្រោង អភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH-Capture) ក្រោមការគាំទ្រថវិកាពីសហភាពអឺរ៉ុប (EU)៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី