2024-11-20
គិត បុប្ផា
2024-11-20
គិត បុប្ផា
ភ្នំពេញ៖ កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ចូលជាធរមានក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ (Cambodia-UAE CEPA) កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤។ តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជា អាចនាំទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ក្នុងអត្រាពន្ធសូន្យលើមុខទំនិញសំខាន់ៗ ដូចជា កាបូបធ្វើដំណើរ ស្បែកជើង វាយនភណ្ឌ សម្លៀកបំពាក់ កង់ និងបន្ទះសូឡា។
ទំនិញផ្សេងទៀត ដែលកម្ពុជា នាំទៅអេមីរ៉ាតអារ៉ាប់រួមដោយមិនបង់ពន្ធ ក៏មានគ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កៅស៊ូ (Latex) អង្ករ ដំឡូងមី គ្រាប់ស្វាយចន្ទី ម្រេច គ្រាប់កាហ្វេ បន្ទះខ្លឹមចន្ទន៍ បន្លែ ផ្លែឈើ ម្ហូបអាហារកំប៉ុង អាហារកែច្នៃពីអង្ករ និងប្រភេទទំនិញកសិកម្មកែច្នៃជាច្រើនប្រភេទផងដែរ។ ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀង Cambodia-UAE CEPA លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បញ្ជាក់ថា កម្ពុជាសម្រេចបានការពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគី ជំរុញការធ្វើសមាហរណកម្មក្នុងសកម្មភាពពាណិជ្ជកម្មទំនិញ សេវាកម្ម ទាក់ទាញវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញទំនិញទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម តំបន់អារ៉ាប់ និងតំបន់ក្បែរខាង។
លោកជំទាវរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បន្តថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹងធ្វើឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗ រួមមាន៖ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថានទៀតផង។ ក្នុងពិធីបើកសិក្ខាសាលា ដែលមានអ្នកចូលរួមប្រមាណ ២០០រូប លោកជំទាវ តឹករ៉េត កំរង សង្ឃឹមថា វិស័យឯកជនកម្ពុជា នឹងប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មខាងលើនេះ ឱ្យបានពេញលេញ ដើម្បីជំរុញកំណើនពាណិជ្ជកម្មនិងវិនិយោគទ្វេភាគី ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល ពោលគឺធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងគាំទ្រដល់ដំណើរការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា។
គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម រយៈពេល ១០ខែ មានប្រមាណ ៧៥លានដុល្លារ កើនឡើង៧% ដោយឆ្នាំ២០២៣ នាំចេញប្រមាណ ៥៥លានដុល្លារ និងនាំចូលប្រមាណ ២០លានដុល្លារ។ ចំពោះទំនិញនាំចេញសំខាន់ៗ មានសម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួម មាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹមជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី