ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន តាមរយៈការពង្រីកចំណេះដឹង, ពង្រឹងវិន័យ, ឥរិយាបថ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទានដល់អតិថិជន ជាដើម។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញពីវឌ្ឍនភាព បញ្ហាប្រឈម និងសំណូមពររបស់សមាគមដល់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០៣នេះ។ ក្នុងជំនួបសម្តែងការគួរសម និងបង្ហាញពីវឌ្ឍនភាពរបស់សមាគមនោះ លោកជំទាំវ ជា សិរី បានផ្តល់នូវអនុសាសន៍ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដើម្បីចូលរួមអភិវឌ្ឍន៍វិស័យមីក្រូហិរញ្ញវត្ថុឱ្យកាន់តែរីកច្រើន។
លោកជំទាវទេសាភិបាល ប្រាប់ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លើកកម្ពស់ភាពធន់ និងនិរន្តរភាពរបស់សមាជិក និងវិស័យ, បង្កើនចំណេះដឹងហិរញ្ញវត្ថុ និងឥរិយាបថជាវិជ្ជាមានចំពោះវិស័យមីក្រូហិរញ្ញវត្ថុដល់អតិថិជន និងសាធារណជន។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ជា សិរី ក៏បានលើកឡើងពីការពង្រឹងសមត្ថភាពធនធានមនុស្ស និងការអនុវត្តស្របតាមក្រមសីលធម៌វិជ្ជាជីវៈក្នុងការផ្តល់ឥណទានរបស់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាសមាជិករបស់សមាគមផងដែរ។
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក៏បានប្រាប់ដល់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ត្រូវសិក្សា និងចងក្រងជាឯកសារអំពីក្រុមហ៊ុនផ្តល់ឥណទានខុសច្បាប់ មុននឹងស្នើសុំអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ និងលើកទឹកចិត្តឱ្យបន្តវប្បធម៌សន្ទនាបន្ថែមទៀត និងជាប្រចាំរវាងវិស័យឯកជន និងអាជ្ញាធរ។ ការបន្តវប្បធម៌សន្ទនានេះ ត្រូវបានលោកជំទាវបណ្ឌិតទេសាភិបាល ជា សិរី បញ្ជាក់ថា ជាការបង្ហាញអំពីការសហការគ្នាក្នុងការដោះស្រាយបញ្ហា និងជំរុញការអភិវឌ្ឍវិស័យមីក្រូហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន៕