2024-08-25
ដេប៉ាលីយែរ ម៉ារីលីណា
2024-08-25
ដេប៉ាលីយែរ ម៉ារីលីណា
ភ្នំពេញ៖ តាមបទពិសោធរបស់បណ្តាប្រទេសមួយចំនួននៅលើពិភពលោក ការកសាងរដ្ឋាភិបាលឌីជីថលមួយឱ្យមានមុខងារពេញលេញ គឺត្រូវឈរលើគោលការណ៍អនុវត្តជាមូលដ្ឋានចំនួន៣ រួមមាន៖ គោលការណ៍តែមួយលើក, គោលការណ៍អន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីតែមួយ និងគោលការណ៍ចាប់ផ្តើមនិងពង្រីកដើម្បីប្រសិទ្ធផល។
យោងតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ គោលការណ៍តែមួយលើក(The once-Only Principle) ជាគោលការណ៍អភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានឌីជីថល ដែលតម្រូវឱ្យក្រសួងស្ថាប័ន នីតិបុគ្គល និងប្រជាពលរដ្ឋផ្តល់ទិន្នន័យតែមួយលើកដល់អាជ្ញាធរមានសមត្ថកិច្ច ដោយមិនស្នើសុំឬតម្រូវឱ្យផ្តល់ទិន្នន័យដដែលច្រើនលើកទេ។ គោលការណ៍នេះ នឹងជួយកាត់បន្ថយការបញ្ជូលទិន្នន័យដែលគ្មានសង្គតិភាព ចំណាយរដ្ឋបាល និងបន្ទុកការងាររបស់អាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធក្នុងការប្រមូលរក្សាទុកនិងប្រើប្រាស់ទិន្នន័យ។
ចំពោះ គោលការណ៍អន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីតែមួយ (Interoperability as an Ecosystem Principle) ជាគោលការណ៍ដែលធានាថា គ្រប់ប្រព័ន្ធព័ត៌មានឌីជីថលទាំងអស់របស់រដ្ឋាភិបាល អាចមានប្រតិបត្តិការឯករាជ្យ និងអាចធ្វើប្រតិបត្តិការជាមួយគ្នាដោយសុវតិ្ថភាពជាមួយប្រព័ន្ធដទៃទៀត ដែលជាប្រព័ន្ធអេកូឡូស៊ីមួយ ដើម្បីបំពេញមុខងារឱ្យគ្នាទៅវិញទៅមកក្នុងការបម្រើសេវាសារធារណៈឱ្យមានប្រសិទ្ធភាព។ ក្នុងន័យនេះ ប្រព័ន្ធព័ត៌មានឌីជីថលដែលប្រើប្រាស់ដោយក្រសួងស្ថាប័ន ត្រូវមានអន្តរប្រតិបត្តិការ និងការផ្លាស់ប្តូរទិន្នន័យទៅវិញទៅមកផងដែរ។
លើសពីនេះ គោលការណ៍អន្តរប្រតិបត្តិការជាប្រព័ន្ធអេកូឡូស៊ីតែមួយនេះ នឹងអនុញ្ញាតឱ្យប្រព័ន្ធព័ត៌មានឌីជីថលរបស់រដ្ឋាភិបាល អាចធ្វើអន្តរប្រតិបត្តិការនិងផ្លាស់ប្តូរទិន្នន័យជាមួយប្រព័ន្ធព័ត៌មានឌីជីថលវិស័យឯកជន ដើម្បីជំរុញនវានុវត្តន៍និងអភិបាលកិច្ចទិន្នន័យ សំដៅបង្កើនប្រសិទ្ធភាពប្រតិបត្តិការអាជីវកម្មរបស់វិស័យឯកជន។
ដោយឡែក គោលការណ៍ចាប់ផ្តើមនិងពង្រីកដើម្បីប្រសិទ្ធផល (Land and Expand for Efficiency Principle) គឺជាគោលការណ៍ដែលបើកលទ្ធភាពឱ្យក្រសួងស្ថាប័ន ផ្តួចផ្តើមរៀបចំអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានឌីជីថល ដោយចាប់ផ្តើមពីតូចនិងពង្រីកទៅធំ សម្រាប់បំពេញតម្រូវការក្នុងការគ្រប់គ្រងនិងផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធផល ដោយឈរលើមូលដ្ឋាននិងក្របខ័ណ្ឌកំណត់ជាក់លាក់មួយ និងស្របតាមគោលការណ៍ទាំង២ ខាងលើ។
ចំពោះការផ្តួចផ្តើមរៀបចំប្រព័ន្ធព័ត៌មានឌីជីថល ក្នុងគោលការណ៍ចាប់ផ្តើមនិងពង្រីកដើម្បីប្រសិទ្ធផល គឺត្រូវផ្តោតលើចំណុចអាទិភាពចាំបាច់និងប្រសិទ្ធផលជាគន្លឹះ ទើបអាចពង្រីកវិសាលភាពតាមរយៈការប្រើប្រាស់សមាសធាតុដែលមានស្រាប់(Reusability) ឬពង្រីកបន្ថែម ដើម្បីចែករំលែកការប្រើប្រាស់ជាមួយប្រព័ន្ធផ្សេងៗដោយប្រសិទ្ធផលនិងសន្តិសុខ នៃប្រព័ន្ធទាំងមូល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី