2024-08-02
អ៊ួន សំណាង
2024-08-02
អ៊ួន សំណាង
ភ្នំពេញ៖ «វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» គឺជាឱកាសធ្វើឱ្យកម្ពុជាកាន់តែមានភាពលេចធ្លោក្នុងតំបន់អាស៊ាន និងពិភពលោក តាមរយៈការបង្ហាញសក្តានុពលផ្សេងៗ ដើម្បីទាក់ទាញវិនិយោគិនពីបណ្តាប្រទេសនានា និងភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជាផងដែរ។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តលើកឡើងថា វេទិកាសហគ្រិនឆ្នើមនេះ គឺនិមិត្តរូបនៃការទទួលស្គាល់សហគ្រិនស្រ្តីទាំងអស់នៅកម្ពុជា និងសហគមន៍អាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ស្រ្តីជាមូលដ្ឋានគ្រឹះនៃសហគមន៍ និងសេដ្ឋកិច្ច តំបន់អាស៊ាន ឱ្យក្លាយជាសេដ្ឋកិច្ចធំជាងគេទី៥ នៅលើពិភពលោក តាមរយៈការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយសេដ្ឋកិច្ច ព្រមទាំងគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច តាមវេទិកាតំបន់ និងអន្តរជាតិ ដើម្បីជំរុញកំណើន និងបង្កើននវានុវត្តន៍ឆ្លងព្រំដែន។
សម្តេចធិបតីនាយករដ្ឋមន្រ្តី មានប្រសាសន៍បន្តថា ការចូលរួមកាន់តែសកម្មរបស់ស្ត្រីក្នុងសកម្មភាពសេដ្ឋកិច្ចតំបន់ និងអន្តរជាតិ មិនត្រឹមតែអាចជំរុញការអភិវឌ្ឍសហគ្រាសរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការពង្រឹងភាពធន់ និងចីរភាពនៃសេដ្ឋកិច្ច ក្នុងសហគមន៍ និងប្រទេសជាតិផងដែរ។ «វេទិកាសហគ្រិនឆ្នើម និងពានរង្វាន់បណ្តាញសហគ្រិនស្ត្រីឆ្នើមអាស៊ាន (AWEN) ឆ្នាំ ២០២៤» ត្រូវបានបង្កើតឡើងក្នុងគោលបំណងឱ្យស្ត្រីនៅក្នុងវិស័យសេដ្ឋកិច្ចទាំងអស់ ដែលនៅក្នុងរដ្ឋជាសមាជិកអាស៊ានផ្ដោតលើ៖ ការបង្កើតវេទិកាក្នុងតំបន់ ការគាំទ្រសហគ្រិនស្ត្រីអាស៊ានឱ្យមានលទ្ធភាពទទួលបានគ្រឹះស្ថានហិរញ្ញវត្ថុប្រសើរឡើង ផ្តល់ឱកាសឱ្យសហគ្រិនបង្កើតបណ្តាញសហគមន៍យ៉ាងរឹងមាំមួយ និងបង្កើតមូលនិធិសម្រាប់គំនិតអាជីវកម្មច្នៃប្រឌិតនានាឱ្យទទួលបានជោគជ័យ។
គួរបញ្ជាក់ថា ពានរង្វាន់សហគ្រិនស្រ្តីឆ្នើមអាស៊ានត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៥ ដែលក្នុងនោះសហគ្រិនស្ត្រីឆ្នើមអាស៊ានជិត ១០០០នាក់បានទទួលពានរង្វាន់នេះ។ ចំណែកឯសហគ្រិនស្រ្តីឆ្នើមកម្ពុជាលើសពី៦០នាក់ បានទទួលបានពាននេះក្នុងឱកាសចូលរួមវេទិកាដែលត្រូវបានរៀបចំឡើងនៅក្នុងប្រទេសអាស៊ាន និងឆ្នាំ២០២៤នេះ សហគ្រិនស្ត្រីឆ្នើមអាស៊ានចំនួន ២២រូបក្នុងចំណោមបេក្ខភាពសហគ្រិនស្ត្រីសរុប២៩រូប នឹងទទួលបានពានរង្វាន់ពីវេទិកានេះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី