2024-06-28
គិត បុប្ផា
2024-06-28
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យដំណើរការប្រព័ន្ធឌីជីថល និងវិបផតថលសម្រាប់ការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណសម្រាប់សហគ្រាសធុនតូច និងមធ្យម (SMEs) សិប្បកម្ម និងរោងចក្រ។ ការសម្ពោធដាក់ឱ្យដំណើរការផ្លូវការប្រព័ន្ធផ្តល់សេវាសាធារណៈឌីជីថលនេះ គឺដើម្បីបង្កើនបរិយាប័ន្ន ភាពងាយស្រួលប្រើ និងលទ្ធភាពប្រើប្រាស់បានលើគ្រប់ឧបករណ៍ឌីជីថល។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះ ធ្វើឡើងនាឱកាសប្រារព្ធទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអង្គទូតនានាជាច្រើន។ ពិធីដែលប្រព្រឹត្តឡើងនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ ក៏មានការចូលរួមពីសហគ្រិន តំណាងសមាគមធុរកិច្ច ក្រសួង-ស្ថាប័ន និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ។ ប្រព័ន្ធឌីជីថល ដែលអភិវឌ្ឍន៍ឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមកិច្ចសហការ និងគាំទ្រពីភាគីអូស្ត្រាលី គឺក្នុងគោលដៅសម្រួលដល់ការចុះបញ្ជីអាជីវកម្មដោយជំនួសនីតិវិធីដែលធ្វើដោយដៃ កាត់បន្ថយតម្រូវការជួបអ្នកផ្តល់សេវា កាត់បន្ថយពេលវេលាស្នើសុំ និងសម្រួលការទូទាត់ប្រាក់។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្ម លើកឡើងថា៖ «ប្រព័ន្ធឌីជីថលនេះ បានឆ្លងកាត់ការសាកល្បងពីអ្នកប្រើប្រាស់ជាបន្តបន្ទាប់ ដែលមានទាំងមន្ត្រីរបស់ក្រសួងឧស្សាហកម្ម, ភ្នាក់ងារផ្តល់សេវាចុះបញ្ជីក្រុមហ៊ុន, តំណាងវិស័យ SMEs សិប្បកម្ម និងឧស្សាហកម្ម ស្ត្រី និងជនពិការផងដែរ។ ជាលទ្ធផល ក្រសួងបានអភិវឌ្ឍន៍ប្រព័ន្ធនេះឱ្យកាន់តែងាយស្រួលសម្រាប់ធុរជននៅក្នុងដំណើរការចុះបញ្ជីអាជីវកម្ម។ តាមរយៈការសម្រួលដំណើរការចុះបញ្ជី និងផ្តល់អាជ្ញាប័ណ្ណ នឹងកាត់បន្ថយបន្ទុករដ្ឋបាលរបស់វិស័យឯកជន និងជំរុញបរិយាកាសធុរកិច្ចកាន់តែអំណោយផល»។
ក្នុងដំណាក់កាលទី១ ប្រព័ន្ធនេះនឹងផ្តល់សេវាសំខាន់ៗចំនួនបី រួមមាន៖ ១.ការស្នើសុំប្រកាសបង្កើត SMEs និងសិប្បកម្ម, ២.ការស្នើសុំអាជ្ញាប័ណ្ណ/បន្តអាជ្ញាប័ណ្ណដំណើរការ SMEs និងសិប្បកម្ម និង៣.ការស្នើសុំបង្កើតរោងចក្រ។ បើតាមក្រសួងឧស្សាហកម្ម បន្ទាប់ពីការដាក់ឱ្យដំណើរការនេះ SMEs សិប្បកម្ម និងរោងចក្រ អាចដាក់ពាក្យស្នើសុំទូទាត់ប្រាក់ និងទទួលបានឯកសារសំខាន់ៗទាំងនេះតាមអ៊ីនធឺណិតដោយផ្ទាល់។
លោក Andreas Zurbrugg ភារធារីនៃស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជឿជាក់ថាប្រព័ន្ធឌីជីថលនេះ នឹងជួយលុបបំបាត់បញ្ហារាំងស្ទះ ពង្រីកសក្តានុពលរបស់កម្ពុជាក្នុងវិស័យ SMEs សិប្បកម្ម ឧស្សាហកម្ម និងរួមចំណែកដល់សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានភាពធន់ បរិយាប័ន្ន និងនិរន្តរភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី