2024-06-07
ទូច សូរិយា
2024-06-07
ទូច សូរិយា
ភ្នំពេញ៖ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) ជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម (SMEs) ដែលមានបំណងក្នុងការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រ ឬចក្ខុវិស័យ ដើម្បីរៀបចំខ្លួនឱ្យក្លាយជាក្រុមហ៊ុនដែលមានស្តង់ដារ និងមានអភិបាលកិច្ចល្អ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ ន.ម.ក. កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងសិក្ខាសាលាស្ដីពី «ការឈានចូលទីផ្សារមូលបត្រ របស់សហគ្រាសធុនតូច និងមធ្យម៖ បទពិសោធនៅប្រទេសថៃ» ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃន.ម.ក. បានលើកឡើងថា ការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព និងនិរន្តរភាពរបស់ SMEs នៅកម្ពុជា។ ឯកឧត្តម ស៊ូ សុជាតិ បានបន្តថា SMEs ដែលមានបំណងក្នុងការកៀរគរមូលធន តាមរយៈទីផ្សារមូលបត្រនេះ អាចទំនាក់ទំនងមក ន.ម.ក. ដោយផ្ទាល់ ឬក៏អាចស្នើសុំការគាំទ្រតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឬសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បាន។
ឯកឧត្តម ហ៊ត ផង អនុរដ្ឋលេខាធិការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបន្ថែមថា ការឈានចូលទីផ្សារមូលបត្រ ជាកាលានុវត្តភាពរបស់ SMEs ក្នុងការពង្រីកវិសាលភាពធុរកិច្ច និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល។ ឯកឧត្តម ហ៊ត ផង បានស្នើ SMEs ទាំងអស់ ចាប់យកឱកាសនេះ ដើម្បីពង្រីកផលិតកម្ម អាជីវកម្ម សេវាកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងប្រកបដោយសក្ដិសិទ្ធភាព ចីរភាព និងបរិយាប័ន្ន។
សិក្ខាសាលាស្ដីពី «ការឈានចូលទីផ្សារមូលបត្រ របស់សហគ្រាសធុនតូច និងមធ្យម៖ បទពិសោធនៅប្រទេសថៃ»នេះ រៀបចំឡើងដើម្បីកៀរគរសាច់ប្រាក់តាមរយៈទីផ្សារមូលបត្រ និងលក្ខខណ្ឌតម្រូវនៃការបោះផ្សាយលក់មូលបត្រសម្រាប់ SMEs នៅកម្ពុជា និងចែករំលែកបទពិសោធន៍អំពីការត្រៀមលក្ខណៈ និងការរៀបចំខ្លួនរបស់ SMEs នៅថៃ អាចទទួលបានហិរញ្ញប្បទានរយៈពេលវែងពីទីផ្សារមូលបត្រ ដើម្បីយកទៅពង្រីកអាជីវកម្មរបស់ខ្លួន និងអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនប្រកបដោយនិរន្តរភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី