2024-06-03
គិត បុប្ផា
2024-06-03
គិត បុប្ផា
ភ្នំពេញ៖ ក្នុងនាមជាប្រធានប្តូរវេន កម្ពុជាប្តេជ្ញាជំរុញបង្កើនសមត្ថភាពផ្នែកវិទ្យាសាស្ត្ររបស់អាស៊ាន និងលើកកម្ពស់នវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាបន្ន។ នេះជាការលើកឡើងរបស់ឯកឧត្តម ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងជាអនុប្រធានក្រុមការងាររៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០ ដែលធ្វើឡើងរយៈពេល៥ថ្ងៃនៅលើទឹកដីអង្គរ។
ឯកឧត្តម ហ៊ុល សៀងហេង បានគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានលើកទី២០ និងគណៈកម្មាធិការអាស៊ានលើកទី៨៥ រួមទាំងកិច្ចប្រជុំពាក់ព័ន្ធនេះ មានសារសំខាន់ណាស់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងតំបន់។ ក្នុងជំនួបនៃកិច្ចប្រជុំកម្រិតតំបន់នេះ ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងជំរុញការអនុវត្តផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៦-២០២៥ (APASTI 2016-2025) និងរៀបចំផែនការសកម្មភាពអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់រយៈពេល១០ឆ្នាំបន្ទាប់ (APASTI 2026-2០35)ផងដែរ។
ក្រៅពីនេះ ក្នុងកិច្ចប្រជុំ ក៏បានជជែកពីគម្រោងកិច្ចសហប្រតិបត្តិការជាមួយដៃគូសន្ទនាអាស៊ាន ដូចជា អូស្ត្រាលី កាណាដា ចិន ឥណ្ឌា ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងសហរដ្ឋអាម៉េរិកផងដែរ។ របាយការណ៍ពីស្ថាប័នបុត្រសម្ព័ន្ធ និងបណ្តាញផ្សេងៗ រួមមាន ក្រុមអ្នកជំនាញផ្នែកមាត្រាសាស្ត្រ បណ្តាញអ្នកវិទ្យាសាស្ត្រវ័យក្មេងអាស៊ាន និងបណ្តាញអាស៊ានស្តីពី សេដ្ឋកិច្ចបៃតងវិលជុំ ក៏ត្រូវបានបង្ហាញក្នុងកិច្ចប្រជុំនេះ។
កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាននេះ មានការចូលរួមពីអនុគណៈកម្មាធិការអាស៊ានផ្នែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងធនធានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា (SCIRD-60) គណៈប្រតិភូមកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង១០ ប្រទេសទីម័រខាងកើត និងលេខាធិការដ្ឋានអាស៊ាន។ គួរជម្រាបថា ផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាផែនទីបង្ហាញផ្លូវដែលមានគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ក្នុងតំបន់អាស៊ាន។
សូមជម្រាបថា កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី២០, កិច្ចប្រជុំគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៨៥ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលកម្ពុជា ជាប្រធានប្តូរវេន ត្រូវបានរៀបចំធ្វើនៅទីក្រុងសៀមរាប រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី