2024-05-23
គិត បុប្ផា
2024-05-23
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងចូលរួមធ្វើបទអន្តរាគមន៍ ក្នុងពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ នៅទីក្រុងម៉ារ៉ាកិក ប្រទេសម៉ារ៉ុក នាថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស កាលពីថ្ងៃទី២២ ឧសភា កិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន លើកទី៤ នឹងប្រព្រឹត្តឡើងក្រោមមូលបទ «ការពង្រឹងសមត្ថភាពប្រកួតប្រជែង និងភាពធន់នៃសហគ្រាសហ្វ្រង់កូហ្វូន៖ តើគេរំពឹងចង់បានការគាំទ្រអ្វីខ្លះពីរដ្ឋាភិបាល?» ដោយមានឥស្សរជនក្នុងវិស័យសាធារណៈ និងឯកជនមកចូលរួមផងដែរ។ ការចូលរួមក្នុងកិច្ចប្រជុំមួយនេះ ជាការឆ្លើយតបការអញ្ជើញរបស់ លោក ចាគីប អាល ប្រធានសហព័ន្ធទូទៅនៃសហគ្រាសម៉ារ៉ុក និងលោក ហ្សេហ្វយ រូ ដឺ បេស្សី ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន។
បន្ទាប់ពីកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា នឹងមានជំនួបជាមួយ លោកជំទាវ ល្វីស មូស៊ីគីវ៉ាបូ អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងគោលបំណងពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអង្គការ OIF ពិសេសបេក្ខភាពកម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។
សូមជម្រាបផងដែរថា មុននឹងមានកិច្ចប្រជុំសហគ្រិនហ្វ្រង់កូហ្វូន នៅប្រទេសម៉ារ៉ុក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ក៏នឹងបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិន និងប្រទេសតួកគី រយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ, មិត្តភាពដែកថែប, បង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ចិន និងពិភាក្សាពីសក្តានុពលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងប្រទេសកម្ពុជា និងតួកគី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី