2024-05-09
គិត បុប្ផា
2024-05-09
គិត បុប្ផា
ភ្នំពេញ៖ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នឹងក្លាយជាតួអង្គដ៏សំខាន់ នៃប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ច ដែលធ្វើឱ្យកិច្ចសម្រួលពាណិជ្ជកម្មរបស់កម្ពុជាកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពតភ្ជាប់ទៅប្រព័ន្ធអេកូឡូស៊ីឌីជីថលសម្រាប់ធុរកិច្ចផ្សេងទៀតក្នុងតំបន់ និងលើសកលលោក។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ប្រព័ន្ធបញ្ជរតែមួយជាតិ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងបន្តថា ការដាក់ឱ្យអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិនេះ នឹងរួមចំណែកកែលម្អបរិយាកាសធុរកិច្ច និងការជំរុញសកម្មភាពពាណិជ្ជកម្មនៅកម្ពុជា ដើម្បីលើកកម្ពស់គុណភាព តម្លាភាព ប្រសិទ្ធភាព និងការជឿទុកចិត្តពីសំណាក់វិនិយោគិន និងធុរជន។ ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងបង្ខិតសេវាសាធារណៈទៅជិតអ្នកប្រើប្រាស់ តាមរយៈការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម និងថ្នាលបច្ចេកវិទ្យាក្នុងការផ្តល់សេវាសាធារណៈ ដើម្បីកាត់បន្ថយពេលវេលា និងការចំណាយពាក់ព័ន្ធផ្សេងៗ។
សមិទ្ធផលមួយនេះ បន្តជំរុញការកែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងចំណូល និងបង្កើតការប្រកួតប្រជែងដោយស្មើភាពក្នុងការធ្វើធុរកិច្ច និងការវិនិយោគ, ការកាត់បន្ថយការចំណាយលើការបំពេញតាមកាតព្វកិច្ច និងនីតិវិធីសារពើពន្ធ។ ជាមួយគ្នានេះ ប្រព័ន្ធបញ្ជរនេះ នឹងមានការតភ្ជាប់ទៅកាន់ប្រព័ន្ធបញ្ជរតែមួយអាស៊ាន ដើម្បីផ្លាស់ប្តូរទិន្នន័យជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន នឹងកែសម្រួលនីតិវិធីនៃការស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវនានា ពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញ ស្នើសុំតែមួយលើករួមគ្នាតាមទម្រង់អេឡិចត្រូនិក។ ប្រព័ន្ធបញ្ជរតែមួយជាតិ និងប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយ (អាស៊ីគូដា) នឹងរួមគ្នាសម្រួលដល់ការធ្វើពាណិជ្ជកម្មនៅកម្ពុជាពីការពឹងផ្អែកលើក្រដាស ទៅជាការមិនប្រើក្រដាស។ នេះជាការលើកឡើងបន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាល។
«ប្រព័ន្ធបញ្ជរតែមួយជាតិ» ជាប្រព័ន្ធថ្មីមួយទៀតរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបំពេញបន្ថែម និងធ្វើជាមួយប្រព័ន្ធដែលមានស្រាប់ ដោយប្រព័ន្ធនេះនឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំអាជ្ញាបណ្ណ លិខិតអនុញ្ញាត វិញ្ញាបនបត្រ និងឯកសារតម្រូវផ្សេងទៀតពាក់ព័ន្ធនឹងការនាំចេញ-នាំចូលទំនិញទៅគ្រប់ស្ថាប័នមានសមត្ថកិច្ចតែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយតាមមធ្យោបាយអេទ្បិចត្រូនិក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី