2024-05-04
គិត បុប្ផា
2024-05-04
គិត បុប្ផា
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគោលបំណងអភិវឌ្ឍន៍កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យក្លាយជាកំពង់ផែកុងតឺន័រទឹកជ្រៅស្នូលរបស់កម្ពុជា និងមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ដែលអាចទាក់ទាញនាវាដឹកទំនិញធំៗ ចូលមកដាក់ទំនិញជាលក្ខណៈអន្តរជាតិ ដូចទៅនឹងបណ្តាប្រទេសផ្សេងៗក្នុងតំបន់។
ដើម្បីសម្រេចបានមហិច្ឆតានេះ រាជរដ្ឋាភិបាលបានជំរុញការរៀបចំផែនការមេ សម្រាប់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករនិយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ១ ឧសភា ក្រោមប្រធានបទ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»។ ផែនការមេ ដែលសម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើង ក្នុងនោះមានការតភ្ជាប់បណ្តាញដឹកជញ្ជូនផ្ទៃក្នុងប្រទេសទាំងផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីផ្តល់ជាជម្រើសក្នុងការបង្កើនប្រសិទ្ធភាពតភ្ជាប់រវាងកម្ពុជាទៅកាន់ពិភពលោក។
ប្រមុខរាជរដ្ឋាភិបាល ក៏បានបន្តលើកឡើងអំពីវិស័យកំពង់ផែ ដែលជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ យ៉ាងដូច្នេះថា៖ «យើងត្រូវខិតខំបង្កើនថវិកាវិនិយោគ និងកៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែឱ្យកាន់តែរីកចម្រើន»។
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកសេដ្ឋកិច្ចជាតិ ក្នុងការទ្រទ្រង់សកម្មភាពពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិកន្លងមក បច្ចុប្បន្ន និងបន្តទៅអនាគត។ កំពង់ផែនេះ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ តាមរយៈចំណូលអាជីវកម្ម ដែលទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី