2024-05-03
គិត បុប្ផា
2024-05-03
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធជាបីប្រភេទ មានប្រភេទមាស (អនុលោមភាពខ្ពស់), ប្រភេទប្រាក់ (អនុលោមភាពមធ្យម) និងប្រភេទសំរឹទ្ធ (អនុលោមភាពទាប) ដោយផ្អែកលើពិន្ទុសរុបតាមលក្ខណវិនិច្ឆ័យផ្សេងៗ ដើម្បីជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែប្រសើរឡើង។
លក្ខណវិនិច្ឆ័យនោះ មានដូចជា សហគ្រាសដែលបានចុះបញ្ជីពន្ធដារ និងបច្ចុប្បន្នភាពការចុះបញ្ជី នឹងទទួលបានពិន្ទុ១, សហគ្រាសបានជូនដំណឹងអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី បានពិន្ទុ១, សហគ្រាស ដែលបានដាក់លិខិតប្រកាសសារពើពន្ធទៀងទាត់តាមកាលកំណត់ បានពិន្ទុ១ និងសហគ្រាស បានបង់ប្រាក់ពន្ធដែលបានប្រកាសគ្រប់ចំនួនតាមកាលកំណត់ នឹងទទួលបានពិន្ទុ១។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍ លេខ៥៦ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលចេញផ្សាយកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ។
ចំណែកលក្ខខណ្ឌ ដែលសហគ្រាសនឹងទទួលបានពិន្ទុ២ ក្នុងមួយលក្ខខណ្ឌ គឺ បានកាន់បញ្ជីកាគណនេយ្យ លិខិតយុត្តិការ និងឯកសារផ្សេងៗតាមការតម្រូវ, បានចេញវិក្កយបត្រត្រឹមត្រូវលើរាល់ប្រតិបត្តិការតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារ, មិនបានប្រព្រឹត្តអំពើធ្វេសប្រហែសដូចមានចែងក្នុងមាត្រា២២៣ នៃច្បាប់ស្តីពីសារពើពន្ធ, មិនបានប្រព្រឹត្តអំពើធ្វេសប្រហែសធ្ងន់ធ្ងរដូចមានចែងក្នុងមាត្រា២២៤ នៃច្បាប់ស្តីពីសារពើពន្ធ និងបានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាក់ផ្សេងៗដែលរដ្ឋបាលសារពើពន្ធបានកំណត់។
ក្រៅពីនេះ សហគ្រាសដែលមិនបានកសាង ឬផ្តល់កំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ, បានផ្តល់កិច្ចសហការនិងអនុញ្ញាតឱ្យរដ្ឋបាលសារពើពន្ធពិនិត្យបញ្ជីកាគណនេយ្យ ឬឯកសារផ្សេងៗ និងមិនត្រូវបានរកឃើញថាបានអនុវត្តការផ្ទេរថ្លៃរវាងបុគ្គលទាក់ទិន នឹងទទួលបានពិន្ទុ២ ក្នុងមួយលក្ខខណ្ឌ។ តាមរយៈលក្ខណវិនិច្ឆ័យ ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធ ត្រូវបានកំណត់ រួមមាន៖ ប្រភេទមាស សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១៦ ដល់ ២០, ប្រភេទប្រាក់ សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១១ ដល់ ១៥ និងប្រភេទសំរឹទ្ធ សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១ ដល់ ១០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី