2024-04-28
ទូច សូរិយា
2024-04-28
ទូច សូរិយា
ភ្នំពេញ៖ ការរីកចម្រើននៃបច្ចេកវិទ្យា និងការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារ មានភាពរហ័ស ធ្វើឱ្យមានឧក្រិដ្ឋជនបង្កើតក្រុមតេឡេក្រាមក្លែងបន្លំគណនីថ្នាក់ដឹកនាំ ឬក្រុមហ៊ុនដែលមានអាជ្ញាបណ្ណក្នុងវិស័យមូលបត្រកាន់តែច្រើន។ ករណីបែបនេះ និយ័តករមូលបត្រកម្ពុជា(ន.ម.ក.) បានអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ដើម្បីកុំឱ្យប្រជាពលរដ្ឋធ្លាក់ខ្លួនចាញ់បោក និងជ្រុលខ្លួនក្លាយជាជនរងគ្រោះ ដោយដាក់ប្រាក់វិនិយោគ ដែលនាំឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់ខ្លួន និងសេដ្ឋកិច្ចជាតិ។
បើតាមការចុះផ្សាយរបស់ ន.ម.ក. កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ បានបញ្ជាក់ថា ជាក់ស្តែងមានសកម្មភាពនៃការផ្សព្វផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ ហ្វេសប៊ុក តេឡេក្រាម សិក្ខាសាលា វគ្គបណ្តុះបណ្ដាល និងដើរកៀរគរ ដើម្បីទាក់ទាញសាធារណជនជួញដូរលើហាងឆេងមាស ហាងឆេងរូបិយបណ្ណ និងប្រមូលមូលនិធិពីសាធារណជន។
ការគ្រប់គ្រងមូលនិធិទាំងនេះ ក្នុងគោលបំណងប្រើប្រាស់សម្រាប់វិនិយោគក្នុងគម្រោងវិនិយោគណាមួយច្បាស់លាស់ នឹងសន្យាផ្តល់នូវផលកម្រៃហិរញ្ញវត្ថុ ឬផលកម្រៃផ្សេងៗ ដែលសកម្មភាពទាំងនេះ ជាប្រតិបត្តិការពាក់ព័ន្ធនឹងវិស័យមូលបត្រ ដោយត្រូវមានអាជ្ញាបណ្ណ ឬការអនុញ្ញាតពីន.ម.ក. ជាមុន។ ចំពោះ ការកៀរគរមូលនិធិ ដែលសន្យាផ្ដល់នូវប្រាក់ចំណេញ ឬការប្រាក់ខ្ពស់ ប៉ុន្តែ ជាក់ស្តែងមិនបានយកប្រាក់នោះទៅវិនិយោគលើគម្រោងវិនិយោគណាមួយច្បាស់លាស់ទេ និយ័តករមូលបត្រកម្ពុជា បានបញ្ជាក់ថា នេះ គឺជាករណីឆបោកដែលមានចែងក្នុងក្រមព្រហ្មទណ្ឌនៃប្រទេសកម្ពុជា។
នៅក្នុងសិក្ខាសាលាស្តីពី«ការគាំពារវិនិយោគិន និងការពង្រឹងការអនុវត្តច្បាប់ក្នុងវិស័យមូលបត្រ» ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានស្នើសុំកិច្ចសហការពីឯកឧត្តមប្រធានសាលាដំបូង និងឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអ្នកចូលរួមទាំងអស់ ឱ្យជួយផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ឱ្យទាន់ពេលវេលា និងជៀសវាងការចាញ់បោក ដោយសារតែជនទុច្ចរិតប្រើប្រាស់ការរីកចម្រើននៃបច្ចេកវិទ្យា ក៏ដូចជាការផ្ទេរប្រាក់តាមប្រព័ន្ធធនាគារមានភាពងាយស្រួល ឆាប់រហ័ស ដើម្បីឆបោកសាធារណជន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី