2024-04-23
ទូច សូរិយា
2024-04-23
ទូច សូរិយា
ភ្នំពេញ៖ កម្ពុជា ប្ដេជា្ញចិត្តក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណ:កម្មការ ESCAP បន្ថែមទៀត ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឆ្ពោះទៅសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងនវានុវត្តន៍ឌីជីថល។ នេះជាការលើកឡើងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងការជួបពិភាក្សាជាមួយ លោកជំទាវបណ្ឌិត អាមីដា សាលស៊ីយ៉ាអាលីសចាបាណា អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (ESCAP)។
ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់អំពីក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេសការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល ដែលជាសមាសធាតុដ៏សំខាន់នៃការជំរុញប្រភពកំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងសម្រេចបានចក្ខុវិស័យនៃការប្រែក្លាយប្រទេសកម្ពុជាទៅជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ក្នុងជំនួបពិភាក្សានេះ លោកជំទាវបណ្ឌិត អាមីដា បានវាយតម្លៃចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើបច្ចេកវិទ្យាឌីជីថល និងបានអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការជាមួយគណ:កម្មការESCAP។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់គណ:កម្មការ ESCAP បានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជានាពេលកន្លងមក ដោយសារគណ:កម្មការ ESCAP គឺជាដៃគូដ៏សំខាន់មួយរបស់កម្ពុជា ដែលបានផ្តល់នូវជំនួយបច្ចេកទេស និងការបណ្ដុះបណ្ដាលជំនាញលើវិស័យនានា រួមមាន៖ ការអភិវឌ្ឍសេដ្ឋកិច្ច, និរន្តរភាពបរិស្ថាន, ការជំរុញបរិយាបន្នសង្គម និងអភិបាលកិច្ចជាដើម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី