2024-04-20
គិត បុប្ផា
2024-04-20
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានធ្វើអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករចំនួន១២៤៧ហិកតា ស្ថិតនៅភូមិចំនួន៦ ក្នុងខេត្តព្រៃវែង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាថ្ងៃ១៩ មេសា ដោយបានបញ្ជាក់បន្ថែមថា ក្រសួងធនធានទឹក បានប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័ត និងប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ ដើម្បីបូមទឹក និងកាយប្រឡាយ ក្នុងទិសដៅសង្គ្រោះស្រូវប្រាំងដែលកំពុងជួបប្រទះបញ្ហាខ្វះទឹកខ្លាំង។
ភូមិចំនួន៥ ក្នុងខេត្តព្រៃវែង ដែលក្រសួងធនធានទឹក បានចុះជួយសង្រ្គោះស្រូវប្រាំងប្រមាណ ៨០០ហិកតា ដោយប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តសរុបចំនួន ៦គ្រឿង ចាប់ពីថ្ងៃទី១-១៨ ខែមេសា រួមមាន៖ ភូមិជើងទឹក(ក), ជើងទឹក(ខ), កំពង់អាទង់, ស្វាយសុខោ និងភូមិឯករាម ក្នុងសង្កាត់ជើងទឹក។ ក្រៅពីភូមិចំនួន៥នេះ ក្រសួងក៏បានស្ដារប្រឡាយស្ពានលេខ២ ប្រវែង ៣០០០ម៉ែត្រ នៅភូមិ១ទៀត គឺ ភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ពីថ្ងៃទី ២៣មីនា ដល់ ១២មេសា ដើម្បីទាញយកទឹកពីអាងទឹកស្នេហ៍សម្រាប់ជួយសង្រ្គោះស្រូវប្រាំងចំនួន ៤៤៧ហិកតា។
គួរជម្រាបថា ចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រសួងធនធានទឹក មន្ទីររាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន បានជួយសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ ក្នុងខេត្តចំនួន១៤ ដែលមានផ្ទៃដីសរុបប្រមាណ៦០ ១១៩ហិកតា។ ខេត្តទាំង១៤ ដែលឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងក្នុងពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤ កាលពីថ្ងៃទី៤ មេសា រួមមាន៖ ខេត្តបន្ទាយមានជ័យ ខេត្តតាកែវ ខេត្តកំពត ខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តស្វាយរៀង ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តព្រៃវែង និងខេត្តប៉ៃលិន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី