2024-04-12
ទូច សូរិយា
2024-04-12
ទូច សូរិយា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន៦ ចំណុច នូវតួនាទី និងភារកិច្ចចម្បងរបស់គណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម (គ.ផ.គ.ព.) ដើម្បីធានាឱ្យបាននូវគោលនយោបាយដ៏ល្អសម្រាប់ប្រទេសជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំបើក និងពេញអង្គលើកទី១ នៃគ.ផ.គ.ព នាថ្ងៃទី០៨ មេសា។
បើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល អនុសាសន៍ចំនួន ៦ចំណុចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នេះ រួមមាន៖ ទី១. ពិនិត្យមើលលើភាពខ្លាំង និងខ្សោយនៃគោលនយោបាយពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានារបស់កម្ពុជា ដោយផ្តោតលើប្រសិទ្ធភាពនៃការអនុវត្ត និងភាពដើរទន្ទឹមគ្នាជាមួយការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា, ទី២. រៀបចំជំនួយស្មារតីលើផ្នែកគោលនយោយពាណិជ្ជកម្ម សក្តានុពលពាណិជ្ជកម្មទាំងទំនិញ និងសេវាអាទិភាព។
ទី៣. ផ្តល់ចំណុចសំខាន់ៗពាក់ព័ន្ធវិស័យពាណិជ្ជកម្មរបស់ប្រទេសឬតំបន់ ដែលរាជរដ្ឋាភិបាលត្រូវធ្វើដំណើរទស្សនកិច្ច, ទី៤. លើកយកយោបល់អំពីទីផ្សារនាំចេញ ឬដៃគូពាណិជ្ជកម្មសក្តានុពលដែលកម្ពុជាគួរចរចាក្នុងកម្រិតទ្វេភាគី និងពហុភាគីដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី, ទី៥. តាមដានការវិវត្តន៍នៃស្ថានភាពភូមិសាស្ត្រនយោបាយ ដូចជាការប្រែប្រួលនៃគោលនយោបាយសេដ្ឋកិច្ច និងការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្មក្នុងតំបន់និងសកលលោក និងទី៦. វាយតម្លៃលើសមត្ថភាពឧស្សាហកម្មក្នុងស្រុក ដើម្បីផលិតទំនិញអាទិភាពសម្រាប់ការនាំចេញ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា តួនាទី និងភារកិច្ចខាងលើនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ពីសមាជិកទាំងអស់ នៃគណៈកម្មាធិការដែលមានតំណាងមកពីក្រសួង សា្ថប័ន វិស័យឯកជន វិទ្យាស្ថានវិភាគស្រាវជ្រាវ និងធនាគារខួរក្បាលនានា ដើម្បីធានាឱ្យបាននូវគោលនយោបាយដ៏ល្អប្រសើរសម្រាប់ប្រទេសជាតិ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា តួនាទី និងការចូលរួមរបស់តំណាងវិស័យឯកជន គឺជាតួអង្គដ៏សំខាន់ក្នុងវិសាលគមអភិវឌ្ឍន៍ពាណិជ្ជកម្មទាំងមូល។
ឯកឧត្តមសាស្ដ្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និង ជាប្រធានគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម បានបញ្ជាក់ថា គោលបំណងនៃការបង្កើត គ.ជ.គ.ព. គឺដើម្បីដើរតួជាសេនាធិការប្រឹក្សាយោបល់របស់រាជរដ្ឋាភិបាល ដែលមានតួនាទីសំខាន់ក្នុងការផ្តល់យោបល់លើការអភិវឌ្ឍ និងការអនុវត្តយុទ្ធសាស្រ្តពាណិជ្ជកម្ម ដោយផ្តោតសំខាន់លើការលើកកម្ពស់កំណើនវិស័យសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ប្រកបដោយចីរភាព ក៏ដូចជាបន្តចូលរួមធ្វើឱ្យមានសមាហរណកម្មកាន់តែស៊ីជម្រៅនៅក្នុងតំបន់ និងសេដ្ឋកិច្ចសកលលោក៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី