SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ទេវតាឆ្នាំថ្មី ព្រះនាម «មហោធរទេវី» នឹងយាងចុះនៅថ្ងៃទី១៣ មេសា វេលាម៉ោង១០:២៤នាទីយប់


ទេវតាឆ្នាំថ្មី ព្រះនាម «មហោធរទេវី» នឹងយាងចុះនៅថ្ងៃទី១៣ មេសា វេលាម៉ោង១០:២៤នាទីយប់
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-12

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-12

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ព្រះពុទ្ធសករាជ ព្រះសាសនាអតិក្កន្តាកន្លងទៅបាន២៥៦៧ ត្រឹមថ្ងៃពុធ១៥កើត ខែពិសាខ លុះដល់ថៃ្ងព្រហស្បតិ៍១រោច ខែពិសាខ ឆ្នាំរោងឆស័កតទៅចូលពុទ្ធសករាជ២៥៦៨ នឹងគណនាឆ្នាំរោងឥឡូវនេះ សង្ក្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ វេលាម៉ោង ២២:២៤នាទី។ ពេលនោះ ព្រះអាទិត្យចេញពីមីនរាសី ទៅស្ថិតនៅឯមេសរាសី តាមផ្លូវគោវិថី គឺផ្លូវកណ្តាល ដែលមានទេវធីតាមួយព្រះអង្គ ជាមគ្គនាយិកាព្រះនាម «មហោធរទេវី» ជារាជបុត្រីទី៧ របស់កបិលមហាព្រហ្ម។

រាជបុត្រីទី៧ របស់កបិលមហាព្រហ្ម ព្រះនាម «មហោធរទេវី» គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរ ពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀតផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា(ក្ងោក)ជាយានពាហនៈ។ បន្ទាប់មក ទើបនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដិ ហោះទៅកាន់គុហាកែវធម្មមាលី នាទីភ្នំកៃលាសខេត្តហិមពាន្តជាទីតម្កល់ទុកនូវ ព្រះសិរសាកបិលមហាព្រហ្ម ដែលតម្កល់លើពានមាសនាំមកដង្ហែប្រទក្សិណ ភ្នំព្រះសុមេរុរាជ តាមផ្លូវ ព្រះអាទិត្យចរចំនួន៦០នាទី។

បន្ទាប់មកទៀត ទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញ ព្រមទាំងប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដិ ចូលទៅស្រង់ទឹកអនោតត្តមហាស្រះ ដែលមានទឹកហូរចេញពីបំពង់ថ្មកែវ ដែលជាមាត់គោឧសភរាជទាំង៧ ត្រជាក់ក្សេមក្សាន្តព្រះរាជហឫទ័យ និងនាំគ្នាចូលទៅសមាទានរក្សាសីលដោយសោមនស្សរីករាយគ្រប់ៗព្រះអង្គ ក្នុងភគវតីសភាសាលា ដែលព្រះវិស្សកម្មទេវបុត្រនិមិត្តថ្វាយ ដើម្បីបន្ទោបង់អពមង្គលឱ្យជ្រះស្រឡះ ហើយចម្រើននូវសិរីសួស្តីជ័យមង្គលដល់ទេវតា និងមនុស្សសត្វទាំងឡាយ។

មហាសង្ក្រាន្ត ឆ្នាំរោង ឆស័ក នេះ មានរយៈពេល ៣ថ្ងៃ គឺ ថ្ងៃទី១ ជាថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣មេសា គ.ស.២០២៤ ជាថ្ងៃចូលឆ្នាំរោងឆស័ក, ថ្ងៃទី២ គឺថ្ងៃអាទិត្យ ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសាគ.ស.២០២៤ និងថ្ងៃចន្ទ ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត, និងថ្ងៃទី៣ គឺថ្ងៃអង្គារ ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសាគ.ស.២០២៤ ជាវារៈឡើងស័ក។

ប្រភព៖ ដកស្រង់ពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នរោង ឆស័ក ចុល្លសករាជ១៣៨៦ មហាសករាជ១៩៤៦ ដែលគណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី