2024-04-03
SME News
2024-04-03
SME News
ភ្នំពេញ៖ អង្គការអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ (UNIDO) បានសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីចាប់ផ្តើមគម្រោងអភិវឌ្ឍន៍សួនឧស្សាហកម្មបៃតង នៅកម្ពុជា។ គំនិតផ្តួចផ្តើមថ្មីនេះ មានគោលដៅជំរុញការអភិវឌ្ឍឧស្សាហកម្មប្រកបដោយចីរភាព ដោយគិតគូរដល់ការការពារបរិស្ថាន ប្រសិទ្ធភាពធនធាន និងវិបុលភាពសេដ្ឋកិច្ច។
ទីប្រឹក្សាបច្ចេកទេសរបស់ UNIDO នឹងសិក្សាតំបន់សេដ្ឋកិច្ចពិសេសពី៦ ទៅ ១០ទីតាំង ដោយផ្អែកលើស្តង់ដារទាំង៦៤ចំណុចរបស់ UNIDO ដើម្បីជ្រើសរើសតំបន់សេដ្ឋកិច្ចពិសេសមួយ សម្រាប់អនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនេះ។ គម្រោងសាកល្បង ដែលនឹងមានរយៈពេលមួយឆ្នាំនេះ មានសក្តានុពលជាគំរូសម្រាប់ការជំរុញការអភិវឌ្ឍសួនឧស្សាហកម្មបៃតងនៅតំបន់ផ្សេងទៀតទូទាំងប្រទេសកម្ពុជា។
ក្នុងជំនួបប្រជុំនៃកិច្ចសហប្រតិបត្តិការ ដែលធ្វើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានគូសបញ្ជាក់ពីការជ្រើសរើសទីតាំងជាយុទ្ធសាស្រ្តនៃតំបន់សេដ្ឋកិច្ចពិសេសសម្រាប់គម្រោងសាកល្បងនេះ គួរផ្អែកលើឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា ដើម្បីធានាបាននូវភាពជោគជ័យនៃគម្រោង។ ឯកឧត្តម ក៏បានលើកឡើងពីការស្វាគមន៍ចំពោះវិនិយោគិន និងអ្នកអភិវឌ្ឍន៍សក្តានុពល ក្នុងការរួមចំណែកដល់ជោគជ័យនៃសួនឧស្សាហកម្មបៃតងនេះផងដែរ។
លោក សុខ ណារិន តំណាងប្រចាំប្រទេសរបស់ UNIDO បានរំលេចពីសារសំខាន់នៃការបញ្ចូលការគិតគូរពីបរិស្ថាន និងសង្គមទៅក្នុងការអភិវឌ្ឍឧស្សាហកម្ម ដោយសារនិន្នាការពិភពលោក ដែលអ្នកទិញផ្តល់អាទិភាពកាន់តែខ្លាំងចំពោះនិរន្តរភាព។ លោកបានបញ្ជាក់ថា សួនឧស្សាហកម្មបៃតងផ្តោតលើការអនុវត្តគោលការណ៍សេដ្ឋកិច្ចវិលជុំ និងការបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ធនធាន ហើយ UNIDO នឹងផ្អែកលើជំនាញរបស់ខ្លួន ដែលបានមកពីការអនុវត្តគម្រោងសួនឧស្សាហកម្មបៃតងនៅក្នុងប្រទេសចំនួន៧ រួមទាំងប្រទេសវៀតណាម និងឥណ្ឌូនេស៊ី។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យគម្រោងប្រើវិធីសាស្ត្រជាដំណាក់កាល ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងបានសង្កត់ធ្ងន់លើសារសំខាន់នៃតុល្យភាពរវាងគោលដៅបរិស្ថាន ជាមួយនឹងតថភាពរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ដូចកម្ពុជា។ កិច្ចសហប្រតិបត្តិការនេះ ត្រូវបានរំពឹងថា នឹងផ្តល់សក្តានុពលដ៏សំខាន់សម្រាប់ការអភិវឌ្ឍ និងពង្រីកមូលដ្ឋានឧស្សាហកម្មប្រកបដោយនិរន្តរភាព ទន្ទឹមនឹងនោះដោះស្រាយបញ្ហាបរិស្ថានចំពោះមុខ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី