2024-04-02
ទូច សូរិយា
2024-04-02
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម លើកទឹកចិត្តដល់ជនមានពិការភាព ដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ឱ្យដាក់ពាក្យស្នើសុំការគាំទ្រពីគម្រោងពាណិជ្ជកម្មតំបន់សម្រាប់ការអភិវឌ្ឍ (RT4D) ក្រោមជំនួយបច្ចេកទេស របស់ប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្នរបស់កម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៦ មីនា។
តាមសេចក្តីជូនដំណឹងដដែល បានបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យដល់ម្ចាស់អាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម ដែលមានពិការភាព ចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ បញ្ចកោណទី៣ មុំទី៤ ចំណុចទី៤ ស្តីពីការពង្រឹងការការពារកម្មសិទ្ធិបញ្ញា ការលើកកម្ពស់ការបង្កើតផលិតផលនិងសេវាកម្មថ្មីៗ ការច្នៃប្រឌិតនិងនវានុវត្តន៍ ដើម្បីពង្រឹង និងលើកកម្ពស់សហគ្រិនកម្ពុជា ដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម។
ការចូលរួមគាំទ្រគម្រោង RT4D ដែលផ្តោតលើ«កំណើនប្រកបដោយបរិយាបន្ន៖ ការលើកកម្ពស់សហគ្រិនកម្ពុជាដែលមានពិការភាព តាមរយៈការអប់រំកម្មសិទ្ធិបញ្ញា និងការកសាងកេរ្តិ៍ឈ្មោះម៉ាកសម្រាប់ពាណិជ្ជកម្ម» ទទួលបានអត្ថប្រយោជន៍ ដូចជា៖ ចំណេះដឹង និងការយល់ដឹងអំពីគោលគំនិតមូលដ្ឋាននៃកម្មសិទ្ធិបញ្ញា, ដឹងពីការបង្កើតម៉ាក និងការចុះបញ្ជីម៉ាកសម្រាប់ទំនិញ។ ទទួលបានចំណេះដឹង និងការអនុវត្តជាក់ស្ដែងពីការរចនាម៉ាកសម្រាប់ទំនិញ និងការអភិវឌ្ឍកេរ្តិ៍ឈ្មោះម៉ាក, ដឹងពីការចុះបញ្ជីម៉ាក និងជំរុញការប្រើប្រាស់ម៉ាក ដើម្បីអភិវឌ្ឍន៍អាជីវកម្ម និងការបង្កើតបណ្តាញ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់ការគាំទ្រជនមានពិការភាព។
ដើម្បីចូលរួមនៅគម្រោងខាងលើ អ្នកចូលរួមត្រូវមានលក្ខខណ្ឌ រួមមាន៖ ជាជនមានពិការភាពដែលមានអាជីវកម្មខ្នាតមីក្រូ តូច និងមធ្យម, បានប្រើប្រាស់ម៉ាកសម្រាប់ទំនិញ ប៉ុន្តែមិនទាន់បានចុះបញ្ជីម៉ាក, មានការប្តេជ្ញាចិត្ត នឹងចូលរួមក្នុងសកម្មភាពពេញលេញ ចាប់ពីការសម្ពោធបើកអនុវត្តសកម្មភាព និងវគ្គបណ្តុះបណ្តាល។ សូមជម្រាបថា កាលបរិច្ឆេទទទួលពាក្យស្នើសុំចូលរួម ចាប់ផ្តើមពីថ្ងៃទី២៦ ខែមីនា រហូតដល់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ដូច្នេះសាធារណជនអាចទាក់ទងតាមរយៈអ៊ីម៉ែល dipdwes@gmail.com ឬ តាមលេខ ០៩៦ ៩ ២០០ ៦០០៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី