2026-07-17
SME News
2026-07-17
SME News
ភ្នំពេញ៖ ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូមកពីក្រុមហ៊ុន Bangsheng Spacetime (Guangxi) Technology Co., Ltd. ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការសក្តានុពលលើការស្រាវជ្រាវ បញ្ញាសិប្បនិម្មិត (AI) នវានុវត្តន៍បច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ខណៈដែលក្រុមហ៊ុនកំពុងសិក្សាពីឱកាសវិនិយោគនៅកម្ពុជា។
លោក Peng Wenbin អគ្គនាយកក្រុមហ៊ុន បានបង្ហាញសំណើបង្កើតសួនឧស្សាហកម្មបច្ចេកវិទ្យា កម្ពុជា-ចិន ដែលរួមបញ្ចូលការស្រាវជ្រាវ នវានុវត្តន៍ ការបណ្តុះធុរកិច្ចបច្ចេកវិទ្យា ការអនុវត្តបច្ចេកវិទ្យា AI និងការអភិវឌ្ឍធនធានមនុស្ស។
ក្រុមហ៊ុនបានស្នើសុំការគាំទ្រពីក្រសួង ក្នុងការសម្របសម្រួលការតភ្ជាប់ជាមួយប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ និងនវានុវត្តន៍របស់កម្ពុជា គ្រឹះស្ថានស្រាវជ្រាវ និងស្ថាប័នបច្ចេកទេសពាក់ព័ន្ធ ដើម្បីជំរុញការអនុវត្តគម្រោងវិនិយោគនេះ។
ឯកឧត្តម ហែម វណ្ណឌី បានគូសបញ្ជាក់ថា កម្ពុជាកំពុងកសាងមូលដ្ឋានគ្រឹះចាំបាច់ ដើម្បីអាចចាប់យក កែលម្អ និងឈានទៅអភិវឌ្ឍបច្ចេកវិទ្យាទំនើបៗ ដែលគាំទ្រដល់បរិវត្តកម្មសេដ្ឋកិច្ចក្នុងរយៈពេលវែង។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "បច្ចេកវិទ្យាគឺជាអាទិភាពយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាល។ យើងកំពុងកសាងមូលដ្ឋានគ្រឹះ ដើម្បីឱ្យកម្ពុជាមិនត្រឹមតែអាចទទួលយកបច្ចេកវិទ្យាថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចធ្វើនវានុវត្តន៍ និងអភិវឌ្ឍបច្ចេកវិទ្យាដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសផងដែរ។" ។
ឯកឧត្តមបានជម្រាបជូនគណៈប្រតិភូអំពីប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដ៏ទូលំទូលាយ ដែលក្រសួងកំពុងដឹកនាំ រួមមានវិទ្យាស្ថានស្រាវជ្រាវ មន្ទីរពិសោធន៍ មជ្ឈមណ្ឌលមាត្រាសាស្ត្រ និងមូលនិធិស្រាវជ្រាវជាតិ ដែលអាចគាំទ្រដល់កិច្ចសហប្រតិបត្តិការលើការស្រាវជ្រាវ នវានុវត្តន៍ និងការអភិវឌ្ឍបច្ចេកវិទ្យា។
ឯកឧត្តមបានបន្ថែមថា៖ "ក្រសួងលើកទឹកចិត្តឱ្យក្រុមហ៊ុនសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីក្របខ័ណ្ឌច្បាប់ ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងទិសដៅអភិវឌ្ឍន៍របស់កម្ពុជា។ ការវិនិយោគដែលទទួលបានជោគជ័យ គឺជាការវិនិយោគដែលផ្អែកលើការយល់ដឹងច្បាស់លាស់អំពីបរិបទក្នុងស្រុក និងចក្ខុវិស័យរយៈពេលវែងក្នុងការបង្កើតផលប្រយោជន៍រួម។"
លោក Peng Wenbin បានបង្ហាញអំពីគម្រោងវិនិយោគរបស់ក្រុមហ៊ុន ដោយរួមបញ្ចូលការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការអនុវត្តបច្ចេកវិទ្យា ការបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន ក្នុងវិស័យវិទ្យាសាស្ត្រ និងនវានុវត្តន៍។
លោក Peng បានលើកឡើងថា៖ "គម្រោងនេះរួមបញ្ចូលការកសាងហេដ្ឋារចនាសម្ព័ន្ធ ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ការអនុវត្តជាក់ស្តែង ការបណ្តុះបណ្តាលធនធានមនុស្ស និងការបណ្តុះធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា។ យើងសង្ឃឹមថា គម្រោងនឹងជួយពង្រឹងសមត្ថភាពស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់កម្ពុជា អភិវឌ្ឍធនធានមនុស្ស និងគាំទ្រការធ្វើទំនើបកម្មឧស្សាហកម្ម តាមរយៈនវានុវត្តន៍។"
ភាគីទាំងពីរក៏បានពិភាក្សាអំពីឱកាសពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន ជាមួយសាកលវិទ្យាល័យ គ្រឹះស្ថានស្រាវជ្រាវ និងស្ថាប័ននវានុវត្តន៍របស់កម្ពុជា ដើម្បីជំរុញភាពជាដៃគូលើការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្ស។
នាំមកជូនដោយ

2024-11-29
ឃី ភារៈADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...


ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី