2023-10-08
SME News
2023-10-08
SME News
ភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំអនុវត្តការងារអាទិភាព ៣ចំណុច ក្នុងចំណោមចំណុចអាទិភាពទាំងអស់ របស់ក្រសួងសុខាភិបាលសម្រាប់អាណត្តិទី៧ ក្នុងរយៈពេល៤៥ថ្ងៃកន្លងមកនេះ។ ៤៥ថ្ងៃដំបូង ដែលឯកឧត្តមរដ្ឋមន្ត្រី បានចុះដឹកនាំធ្វើកិច្ចការងារយ៉ាងសកម្ម ដើម្បីសុខភាពសាធារណៈ និងសុខភាពប្រជាពលរដ្ឋទាំងអស់។
បេសកកម្មដែលឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំអនុវត្តទាំង៣ចំណុចអាទិភាពនោះ សម្រេចបាននូវលទ្ធផលជាបន្តបន្ទាប់ ដែលរួមមាន៖ ទី១. ពង្រឹងគុណភាពនៃសេវានៅតាមមណ្ឌលសុខភាពនៅតាមឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋអាចស្វែងរកបាននៅជិតផ្ទះបំផុត។ ទី២. ពង្រឹងគុណភាពសេវាកម្មផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់(ICU) និងផ្នែកវះកាត់ ដែលជាកិច្ចការងារសំខាន់បំផុងទីមួយ នៅតាមមន្ទីរពេទ្យបង្កែស្រុកនិងខេត្ត ដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការមកទទួលសេវាព្យាបាល និងចំណុចទី៣. ពង្រឹងសមត្ថភាពក្រសួង-ស្ថាប័នដែលស្ថិតនៅក្រោមក្រសួងសុខាភិបាល ទាំងផ្នែករដ្ឋបាល ប្រព័ន្ធអនុវត្តការងារ និងជាពិសេស ផ្នែកភាពជាអ្នកដឹកនាំរបស់មន្ត្រីសុខាភិបាល ដែលបណ្តុះបណ្តាលទាំងកម្រិតក្រសួង, មន្ទីរសុខាភិបាលរាជធានី-ខេត្ត, ការិយាល័យសុខាភិបាលស្រុក និងប្រធានមណ្ឌលសុខភាពប្រមាណ ១,៨៥០នាក់។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងនៅពិធីប្រកាសដាក់បញ្ចូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារី អាយុ៩ឆ្នាំ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នៅសាលាបឋមសិក្សាភ្នំពេញថ្មី ថា កិច្ចការងារដែលក្រសួងសុខាភិបាល បានចុះអនុវត្តយ៉ាងសកម្មចំណុចអាទិភាពទាំង៣នោះ ទទួលបានការពេញចិត្តពីប្រជាពលរដ្ឋ ដែលនេះជាកិច្ចការងារដើម្បីសុខភាពរបស់ពួកគាត់ទាំងអស់គ្នា ខណៈដែលឯកឧត្តរដ្ឋមន្ត្រីសុខាភិបាល សង្ឃឹមថា នៅបណ្តាឆ្នាំខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែប្រសើរឡើង ហើយកាន់តែទទួលបាននូវភាពច្បាស់លាស់ក្នុងការ ទទួលបានសេវាកម្ម ផ្នែកសុខាភិបាលប្រកបទៅដោយនិយាមវិជ្ជាសាស្រ្ត។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានពន្យល់ពីចំណុចអាទិភាពទី១ ក្រសួងបានធ្វើជាបន្តបន្ទាប់ ដោយចុះទៅពិនិត្យមើលការងារនៅតាមបណ្តាមណ្ឌលសុខភាព នៃខេត្តមួយចំនួន ដើម្បីពង្រឹងគុណភាពនៃសេវានៅតាមមណ្ឌលសុខភាព ដោយធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវសេវាចំពោះសុខភាពបឋមនៅជិតផ្ទះបំផុត ហើយមានប្រសិទ្ធភាព។ ឯកឧត្តមសាស្រ្តរដ្ឋមន្ត្រី បានឱ្យដឹងថា ក្រសួងសុខាភិបាល បាននិងកំពុងរៀបចំនូវហេដ្ឋរចនាសម្ព័ន្ធ និងផ្តល់ជាឧបករណ៍សម្ភារទៅតាមមណ្ឌលសុខភាព និងជាពិសេស ផ្តល់នូវឱសថឱ្យបានគ្រប់គ្រាន់ ពោលគឺពលរដ្ឋទៅពិនិត្យសុខភាពនៅជិតផ្ទះបំផុត ហើយទទួលបានឱសថព្យាបាលទៅតាមការណែនាំរបស់គ្រូពេទ្យ ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយនោះទេ។
ចំណុចអាទិភាពទី១ ដដែលនេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បានកត់សម្គាល់ក្នុងពេលដែលឯកឧត្ត និងក្រុមមន្ត្រីចុះបំពេញបេសកកម្ម ឃើញថាក្រុមគ្រូពេទ្យនៅតាមមណ្ឌលសុខភាពខិតខំបំពេញការងារជូនប្រជាពលរដ្ឋទាំងយប់ព្រលប ដោយនៅតាមមណ្ឌលមួយចំនួនបានបើកដំណើរការ ២៤ម៉ោងក្នុងមួយសប្តាហ៍ទៀតផង។
ចំពោះការងារអាទិភាពទី២ ក្រសួងការងារផ្តោតការពង្រឹងគុណភាពសេវាកម្មនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុក និងខេត្ត។ កច្ចការងារនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រីសុខាភិបាល បានឱ្យដឹងថា ក្រសួងផ្តោតជាចាំបាច់នៅចំពោះមុខក្នុងការពង្រឹងផ្នែកសង្គ្រោះបន្ទាន់កម្រិតធ្ងន់ (ICU) និងផ្នែកវះកាត់។ មន្ត្រីសុខភិបាល បានចុះទៅពង្រឹងគុណភាព និងពន្យល់នូវចំណុចដែលត្រូវកែលម្អ និងបានផ្តល់ឱ្យនូវឧបករណ៍សម្ភារជាបណ្តើរៗ, រៀបចំប្រព័ន្ធការងារឱ្យបានកាន់តែប្រសើរទាំងការគ្រប់គ្រង, បច្ចេកទេស និងក្រមសីលធម៌ផងដែរ។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់ថា ការងារចំពោះមុខទាំងពីរផ្នែកសំខាន់ៗនេះ គឺធ្វើយ៉ាងណាពង្រឹងនូវគុណភាពនៃសេវាកម្ម ដើម្បីជួយប្រជាពលរដ្ឋ ដែលទៅរកសេវាព្យាបាលនៅតាមមន្ទីរពេទ្យបង្អែកស្រុក-ខេត្តបាន។ ការពង្រឹងសេវាសាធារណៈនៅតាមបណ្តាមន្ទីរពេទ្យបង្អែកស្រុក-ខេត្តនោះ ឯកឧត្តាមរដ្ឋមន្ត្រី ថា អាចជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋបានច្រើន ដោយមិនចាំបាច់ត្រូវបញ្ជូនមកដល់មន្ទីរពេទ្យថ្នាក់ជាតិនោះទេ។
ទន្ទឹមនឹងការខិតខំពង្រឹងគុណភាពរបស់មន្ទីរពេទ្យសាធារណៈ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានប្រសាសន៍ថា ក្រសួងក៏មិនភ្លេចពង្រឹងនូវតាមបណ្តាមន្ទីរពេទ្យឯកជននោះទេ ដែលកិច្ចការងារនេះ ក្រសួងបាននិងកំពុងតែពិនិត្យជាបន្តបន្ទាប់ ដោយធ្វើយ៉ាងណាឱ្យការផ្តល់សេវាពីវិស័យឯកជននេះ ក្លាយជាដៃគូរបស់សេវាសាធារណៈក្នុងភាពដែលត្រឹមត្រូវទៅតាមក្បួនខ្នាតបច្ចេកទេសវេជ្ជសាស្រ្ត។ កិច្ចការទាំងអស់នេះ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា សង្កេតឃើញថា ប្រជាពលរដ្ឋមានការសប្បាយចិត្តខ្លាំង ពីពោះជារឿងសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា។
ចំណុចអាទិភាពទី៣ ដែលឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល បានប្រាប់ទៅក្រុមអ្នកសារព័ត៌មាន ថា ក្រសួង បានធ្វើការងារយ៉ាងសកម្មនូវការពង្រឹងសមត្ថភាពស្ថាប័នទាំងផ្នែករដ្ឋបាល ផ្នែកប្រព័ន្ធការងារ និងជាពិសេស ផ្នែកភាពជាអ្នកដឹកនាំរបស់មន្ត្រីសុខាភិបាល។ ការពង្រឹងសមត្ថភាពនេះធ្វើឡើងទាំងកម្រិតក្រសួងសុខាភិបាល មន្ទីរសុខាភិបាលរាជធានី-ខេត្ត ការិយាល័យសុខាភិបាលស្រុក និងប្រធានមណ្ឌលសុខភាព តាមរយៈការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់មន្ត្រីប្រមាណ ១,៨៥០នាក់ នៅទូទាំងក្រសួងសុខាភិបាលជារាងរាល់សប្តាហ៍។
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា បញ្ជាក់ពីការបណ្តុះបណ្តាលជំនាញភាពជាអ្នកដឹកនាំនេះ ដូច្នេះថា ជាអ្នកដឹកនាំ គឺទាមទារឱ្យមានការធ្វើសម្រេចចិត្តបានត្រឹមត្រូវ នឹងនាំឱ្យធ្វើកិច្ចការងារបានលទ្ធផលល្អ តាមដានមើលការងារឱ្យកាន់តែប្រសើរ និងជួយកែល្អជាបន្តបន្ទាប់ ដើម្បីសុខភាពប្រជាពលរដ្ឋយើង។ ឯកឧត្តមរដ្ឋមន្ត្រីសុខាភិបាល សង្ឃឹមថា នៅបណ្តាឆ្នាំខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងកាន់តែប្រសើរឡើង ហើយកាន់តែទទួលបាននូវភាពច្បាស់លាស់ ក្នុងការទទួលបានសេវាកម្មផ្នែកសុខាភិបាលប្រកបទៅដោយនិយាមវិជ្ជាសាស្រ្ត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី