SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្ពុជា ចង់បានវិនិយោគិនអាម៉េរិកដែលមានគុណភាពនិងគ្រប់ទម្រង់ ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម


កម្ពុជា ចង់បានវិនិយោគិនអាម៉េរិកដែលមានគុណភាពនិងគ្រប់ទម្រង់ ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម
សង្គមជាតិ-សេដ្ឋកិច្ច

2026-03-04

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2026-03-04

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ចង់បានវិនិយោគិនសហរដ្ឋអាម៉េរិក ដែលមានគុណភាព និងគ្រប់ទម្រង់ដោយមានតម្លៃបន្ថែមខ្ពស់ក្នុងការជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេសជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់និងសកល។

ក្នុងជំនួបជាមួយលោកជំទាវ Bridgette Walker ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា

ឯកឧត្តម វង្សី វិស្សុត បានជំរុញឱ្យមានការពិភាក្សាត្រង់ទៅត្រង់មកជាមួយវិនិយោគិនកម្ពុជា-អាម៉េរិក ដើម្បីស្វែងយល់អំពីតម្រូវការរបស់វិនិយោគិន និងឧបសគ្គរាំងស្ទះនានា រួមមាន បទប្បញ្ញត្តិ បរិយាកាសធុរកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងជំនាញកម្លាំងពលកម្មជាដើម ដោយសង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។

ជាមួយគ្នានេះ លោកជំទាវ Bridgette Walker បានបញ្ជាក់ថា ត្បិតកម្ពុជា បានជួបប្រទះបញ្ហាប្រឈមជាច្រើន ដូចជាជម្លោះព្រំដែននាពេលថ្មីៗ ក៏អាម៉េរិកមានចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់។ ចំពោះ កិច្ចសន្ទនារវាងរដ្ឋនិងវិស័យឯកជន កម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគរវាងភាគីទាំងពីរ ពិសេសជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

ទាក់ទងនឹងបញ្ហា Online Scam ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា បញ្ហានេះ ជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនោះ រាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំក្នុងការបង្ក្រាបសកម្មភាព Online Scam ព្រោះបញ្ហានេះមិនមានប្រយោជន៍ដល់សេដ្ឋកិច្ចជាតិឡើយ ហើយថែមទាំងបង្កផលប៉ះពាល់អវិជ្ជមានជាច្រើនដល់ការវិនិយោគរបស់បរទេស ទេសចរអន្តរជាតិ និងជាពិសេសធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេស។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបន្តថា បញ្ហា online scam មិនមែនជាបញ្ហារបស់កម្ពុជាតែឯងនោះទេ ប៉ុន្តែជាបញ្ហារួមរបស់តំបន់ និងសកលលោក ដោយត្រូវបានទទួលស្គាល់ជាឧក្រិដ្ឋកម្មឆ្លងដែន និងមានភាពស្មុគស្មាញជាប្រព័ន្ធដែលតភ្ជាប់ជាខ្សែច្រវ៉ាក់ពីប្រទេសមួយទៅប្រទេសមួយ។

ទន្ទឹមនឹងនេះ ឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការដោះស្រាយបញ្ហាខាងលើ ដោយផ្អែកលើគោលការណ៍ចំនួន ៤ រួមមាន៖ ការបង្ការ ការបង្ក្រាប ការអប់រំ និងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ លោកជំទាវ Bridgette Walker ក៏បានបង្ហាញទស្សនវិជ្ជមាន និងមានភាពជឿជាក់យ៉ាងមុតមាំ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសការបង្ក្រាប online scam និងការពង្រឹងទំនាក់ទំនងក្នុងវិស័យ យោធា, ការទូត, សង្គមកិច្ច, ពាណិជកម្ម និងសន្តិសុខ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី